ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានប្រជាពលរដ្ឋរស់នៅភូមិសំរោងក្រោម ឃាត់ខ្លួនប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍សំរោងក្រោម ខណៈដែលបុរសចំណាស់រូបនេះ កំពុងដើរគោះលុយអ្នកភូមិថ្លៃសេវាសាងសង់ផ្ទះ ដោយអួតខ្លួនថាជាមន្ត្រីសុរិយោដី តែតាមពិតជាជនក្លែងបន្លំសោះ លុះសមត្ថកិច្ចឃាត់ខ្លួន ក៏អះអាងថា មកពីគាតអត់លុយព្យាបាលជំងឺ បានជាបែកគំនិតដើរធ្វើបែបនេះ។
ហេតុការណ៍ឃាត់ខ្លួនបុរសចំណាស់ខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

លោកតាខាងលើនេះ មានឈ្មោះតាយ អេង អាយុ៧៥ឆ្នាំ ស្នាក់នៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា មូលហេតុដែលប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនបុរសចំណាស់ខាងលើ គឺដោយសារគាត់គ្រងឯកសណ្ឋានជាមន្ត្រីសុរិយោដី បន្លំខ្លួនដើរជំរិតទារប្រាក់ពីអ្នកភូមិសំរោងក្រោម ថ្លៃសេវាសាងសង់សំណង់ ដោយពលរដ្ឋនៅទីនោះ មានខ្សែស្រឡាយធ្វើការនៅខាងមន្ទីរសុរិយោដី ទើបឆែករកឈ្មោះលោកតាខាងលើនេះ គ្មាននៅក្នុង ក្របខណ្ឌសុរិយោដី ទើបអ្នកភូមិនាំគ្នាឃាត់ខ្លួន គាត់ប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍សំរោងក្រោម យកទៅធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច លោកតាវ័យចំណាស់ខាងលើ បានសារភាពថា រូបគាត់ពុំមែនជាមន្ត្រីសុរិយោដីនោះទេ តែមូលហេតុដែលរូបគាត់ប្រព្រឹត្តអំពើបែបនេះ គឺដោយសារតែជីវភាពគ្រួសាររបស់គាត់ខ្វះខាត ហើយមានជំងឺទឹកនោមផ្អែមផងនោះ ទើបសម្រេចចិត្តធ្វើបែបនេះ ដើម្បីបានលុយកាក់ខ្លះយកទៅព្យាបាលជំងឺប្រចាំកាយរបស់គាត់។
បច្ចុប្បន្ន លោកតាវ័យចំណាស់ខាងលើនេះ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនីតិវិធី៕