ភ្នំពេញ ៖ តូបលក់អីវ៉ាន់ចាប់ហួយប្រមាណជិត១០តូប ត្រូវបានអគ្គិភ័យឆាបឆេះបណ្តាលឱ្យរងការខូចខាត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចបរិវេណផ្សារតាសេក របស់លោកឧកញ៉ាឌួង តិច ស្ថិតក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមានផ្សែងហុយចេញពីខាងក្នុងតូប លក់អីវ៉ាន់ចាប់ហួយខាងលើ និងលាយឡំជាមួយអណ្តាតភ្លើង ទើបនាំគ្នាស្រែកឆោឡោឡើង ដោយខ្លះទាញបំពង់ពន្លត់អគ្គិភ័យចូលទៅបាញ់ពន្លត់ ខ្លះបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើលជាក់ស្តែង។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថា មានករណីអគ្គិភ័យកើតឡើងភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ និងទាក់ទងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកអន្តរាគមន៍ផងដែរ។ ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង បាញ់អស់ទាំង៤គ្រឿង ដោយធ្វើការពន្លត់រហូតរលត់ទាំងស្រុង នៅម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩។

តាមការបញ្ជាក់ពីសមត្ថកិច្ច មូលហេតុដែលផ្តើមឱ្យមានគ្រោះអគ្គិភ័យខាងលើ គឺដោយសារទុស្សេខ្សែភ្លើង ទើបបណ្តាលឱ្យឆេះរាលដាលឡើង និងខូចខាតសម្ភារៈ តូបលក់អីវ៉ាន់ចាប់ហួយចំនួន៨តូប។ យ៉ាងណាមិនបង្កឱ្យរងគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ៕