ខេត្តកំពង់ធំ ៖ រថយន្តម៉ាកហ៊ីយ៉ានដាយ១គ្រឿង ដឹកជ្រូក បែរជាលួចបង្កប់ឈើនៅក្នុងបាតរថយន្ត៣ថ្នាក់ មានរហូតទៅដល់ជិត៣ម៉ែត្រគូប ជាប្រភេទឈើគ្រឿងផ្ទះ ត្រូវបានមន្ត្រីជំនាញស្ទាក់ឃាត់ ឆែកឆេរឃើញ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិរំចេក ឃុំរម្យនី ស្រុកជ័យសែន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនឈានដល់ការបង្ក្រាបរថយន្តខាងលើ ដោយមានការចង្អុលបង្ហាញពីចំណុចគោលដៅខាងលើមក ទើបកម្លាំងជំនាញពួនស្ទាក់ដេញប្រមាញ់ ស្ទាក់ឃាត់ជាប់ រួចនាំយកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើរវៀង។

ប្រភពដដែល បញ្ជាក់ថា មុនឈានចូលដល់ការបង្ក្រាប និងនាំមករដ្ឋបាលព្រៃឈើនោះ មានការជជែកគ្នាជាមួយកម្លាំងជំនាញ យ៉ាងតឹងសសៃក ព្រោះម្ចាស់ឈើ និងជាម្ចាស់រថយន្តផងនោះ មិនសហការជាមួយកម្លាំងជំនាញ ព្រោះអាងស្បែក ខណៈដែលម្ចាស់ឈើនិងរថយន្ត ពាក់អាវកងកម្លាំងសមត្ថកិច្ច ទើបព្រហើនមិនញញើតខ្លាចច្បាប់ និងជំនាញដែលខ្លួនកំពុងតែរកស៊ីជួញដូរឈើខុសច្បាប់។

លោកស៊ុំ ស៊ីវត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង បានបញ្ជាក់ប្រាប់ថា ឈើទាំងអស់មានចំនួន៤៥កន្ទុយ ស្មើនឹង២ម៉ែត្រគូប ៧ផ្លាន ត្រូវបានគេរៀបជារបៀបក្តារក្រាលសម្រាប់ដឹកជ្រូកធម្មតា ធ្វើឱ្យយើងមិនងាយចាប់អារម្មរណ៍ថា មានការដឹកជញ្ជូនឈើនោះទេ។ ចំណែកម្ចាស់ឈើនោះ លោកថា មិនមានពាក់ព័ន្ធទោសព្រហ្មទណ្ឌទេ ចំណែកឈ្លោះប្រកែកគ្នា ដោយសារគេរឹងទទឹង មិនចង់សហការជាមួយសមត្ថកិច្ច ជារឿងបទល្មើស វាតែងតែច្រងែងច្រងាងអីចឹងហើយ។

លោកបញ្ជាក់ថា មេឈ្មួញរូបនេះ ជាមុខសញ្ញាចាស់វស្សាយូរណាស់មកហើយ មិនតិចឆ្នាំជាងនោះទេ ដែលលោកតាមដានកន្លងមក ទើបតែពេលនេះ មន្ត្រីលោកតាមប្រមាញ់ស្ទាក់បង្ក្រាបបាន បច្ចុប្បន្នលោកកំពុងកសាងសំណុំរឿងរាយការណ៍ជូនថ្នាក់លើ ចំណែករថយន្តរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើរបស់លោកផ្ទាល់ ទុករង់ចាំម្ចាស់មកចូលខ្លួនមកដោះស្រាយ និងបង់ពិន័យទៅតាមច្បាប់កំណត់។

គួររំលឹកថា រថយន្តដឹកជ្រូកកែឆ្នៃបង្កប់ឈើ បិទបាំងសមត្ថកិច្ចនេះ ហើយក៏មិនមែនទើបកើតមានទេ ដែលលួចដឹកចេញពីក្នុងភូមិឆ្វាំង ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលលួចដឹកធ្វើសកម្មក្នុងរូបភាពនេះ។ ក្នុងខណៈពេលច្បាប់ត្រូវបានរឹតបណ្តឹង ក្រុមឈ្មួញតែងប្រើគ្រប់រូបភាព ដូចធ្វើជាបង្កប់ដំឡូងពីលើ ឈើពីក្រោម រូបភាពឈើថ្មីធ្វើឱ្យចាស់ ងាយស្រួលដោះស្រាយ ជាមួយសមត្ថកិច្ច ធ្វើរូបភាពបែបនេះ ជាឈើគ្រឿងផ្ទះ។ ចំណែកឈើប្រណីតវិញ ឈប់ដាក់ឡានចេញក្រៅ សំញ៉ែងទៀតហើយ ឥឡូវប្តូររូបភាពដាក់ស្មើកញ្ចក់បិទជិតគូទ មានបិទកញ្ចក់ខ្មៅ ឬក៏បិទវាំងននជិត ហើយខ្លះទៀតដាក់ទ្វារបង្អួចពីលើ ឈើឆៅពីក្រោមក៏មានដែរ ក្នុងរូបភាពបែបនេះមានតែសមត្ថកិច្ចទេ ទើបដឹងច្បាស់ ជាពិសេស នគបាលចរារណ៍ដែលឈរជើងតាមដងផ្លូវ ពេលត្រូវគ្នាជាមួយឈ្មួញ បើកឱ្យទៅយ៉ាងរលូន៕
