Sunday, July 27, 2025
Homeព័ត៌មានជាតិរឿងនេះគេក្តៅក្រហាយណាស់ ហេតុអ្វីនៅតែធ្វើម្តងហើយម្តងទៀត?

រឿងនេះគេក្តៅក្រហាយណាស់ ហេតុអ្វីនៅតែធ្វើម្តងហើយម្តងទៀត?

ខេត្តឧត្តរមានជ័យ ៖ ស្ត្រីម្នាក់ ត្រូវបានក្រុមហ៊ុនប្តឹងចោទប្រកាន់ថា បានលួចយកគ្រឿងអលង្ការ និងទ្រព្យសម្បត្តិក្នុងក្រុមហ៊ុន គិតជាទឹកប្រាក់ប្រមាណជាង៤ម៉ឺនបាត (ប្រាក់ថៃ) ទីបំផុត ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួន បានកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍អូរស្មាច់ បានទទួលបណ្តឹងពីឈ្មោះយ៉ុន ចាន់រិទ្ធ ភេទស្រី អាយុ៣១ឆ្នាំ មានលំនៅក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង និងមានមុខងារជាអ្នកគ្រប់គ្រងផ្នែកលក់គ្រឿងអលង្ការ (ប្រាក់) នៅក្នុងក្រុមហ៊ុនអូរស្មាច់ រីសត ថា មានករណីរំលោភលើទំនុកចិត្ត (លួចយកគ្រឿងអលង្ការ និងអីវ៉ាន់) របស់ក្រុមហ៊ុនយកទៅលក់ គិតជាលុយមានចំនួន៤៦២៧៥បាត (ប្រាក់ថៃ) ដែលបង្កឡើងដោយជនសង្ស័យឈ្មោះប៊ុន ចាន់នី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកផ្នែកលក់គ្រឿងអលង្ការប្រចាំក្រុមហ៊ុន ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិសង្កាត់កើតហេតុខាងលើ។

សមត្ថកិច្ច បានឱ្យដឹងថា តាមការសាកសួរបឋម ជនសង្ស័យខាងលើ បានសារភាពថា រូបខ្លួនពិតជាធ្លាប់បានលួចយកខ្សែក្រវាត់ពីក្នុងហាង លក់ឱ្យទៅភ្ញៀវបានប្រាក់ចំនួន៨ពាន់បាត និងធ្លាប់កិបកេងប្រាក់ក្រុមហ៊ុន ចំនួន២ម៉ឺន៤ពាន់បាត ផងដែរ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ដើម្បីសួរនាំ និងកសាងសំណុំរឿងទៅតាមនីតិវិធី៕

RELATED ARTICLES