ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះបិទក្លឹបម៉ៃអាមី ទីតាំង១៥៩ ដោយសង្ស័យអត់ច្បាប់អនុញ្ញាត កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមុខស្ថានីយ៍ទូរទស្សន៍អប្សរា ដែលស្ថិតនៅតាមបណ្តោយផ្លូវ៣៦០ ភូមិ៨ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។

លោកព្រុំ សំខាន់ អភិបាលខណ្ឌចំការមន បានបញ្ជាក់ប្រាប់ថា នៅរសៀលនេះកម្លាំងចំរុះដឹកនាំដោយគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍ និងមានការចូលរួមពីមន្ទីរទេសចរណ៍ និងក្រសួងបរិស្ថាន ក្រោយពីមានពាក្យបណ្តឹងប្រជាពលរដ្ឋថា ក្លឹបម៉ៃអាមី មានទីតាំង១៥៩ ដែលបញ្ចោញសំឡេងមកក្រៅខ្លាំងៗ ធ្វើឱ្យប៉ះពាល់រំខានការដេកពួនរបស់ប្រជាពលរដ្ឋអ្នករស់នៅជិតខាង ទើបអាជ្ញាធរចុះមកត្រួតពិនិត្យ និងសួរនាំរក តើមានលិខិតអនុញ្ញាតបើកក្លឹបកំសាន្តដែរទេ។

លោកព្រុំ សំខាន់ បានបញ្ជាក់ថា យោងតាមការអនុញ្ញាតពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយទីតាំងខាងលើ ត្រូវបានបិទជាបណ្តោះអាសន្នសិន ដោយក្លឹបខាងលើនេះ គ្មានការអនុញ្ញាត។ ដោយឡែកម្ចាស់ទីតាំងបានចូលរួម តែមិនព្រមផ្តិតមេដៃក៏ដោយ តែសូមប្រាប់ថា មិនផ្តិតមេដៃ តែមិនអាចបើកក្លឹបនេះ ចាប់ពីម៉ោងកម្លាំងសរសេរធ្វើកំណត់ហេតុ តែបើរឹងទទឹងបើកដំណើរការនោះ កុំថាគណៈបញ្ជាការចុះចាប់ទាំងយប់ឱ្យសោះ។ ក្រោយពីម្ចាស់ទីតាំងខាងលើ បានស្តាប់ការពន្យល់ណែនាំពីសំណាក់អាជ្ញាធររួចមក ក៏បានចូលរួមថែមទាំងផ្តិតមេដៃផ្អាកជាបណ្តោះអាសន្ន រង់ចាំធ្វើការចូលខ្លួនដោះស្រាយរឿងប៉ះសំឡេងរំខាន និងមានលិខិតអនុញ្ញាត ទើបអាចបើកដំណើរវិញ តែជាចុងក្រោយ សូមឱ្យម្ចាស់ទីតាំងបិទស្លាកក្នុងក្លឹបខ្លួនថា គ្មានការជួញដូរឬប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ជាពិសេស ការរួមភេទ និងជួញដូរមនុស្សខុសច្បាប់ សូមប្អូនជាយុវជនទាំងអស់ជៀសឱ្យឆ្ងាយពីគ្រឿងញៀន នាំឱ្យខូចអនាគត និងខាតបង់ទ្រព្យសម្បត្តិក្នុងគ្រួសារ៕





