ខេត្តកណ្តាល ៖ ដោយក្មេងស្រីវ័យ៩ឆ្នាំម្នាក់ បានរស់នៅជាមួយឪពុកម្តាយជាកម្មករឡឥដ្ឋ លុះចង់ជួយរំលែកទុក្ខលំបាកគ្រួសារ ក៏ចូលធ្វើការ ក្នុងឡឥដ្ឋជាមួយឪពុកម្តាយដែរ គ្រាន់បានកម្រៃបន្ថែមដើម្បីដោះស្រាយជីវភាព ស្រាប់តែអកុសល ពេលកំពុងរុញដីចូលម៉ាស៊ីនកិនដី ក៏ជ្រុលដៃ ចូលក្នុងម៉ាស៊ីន បណ្តាលឱ្យកិនដាច់ត្រឹមក្លៀកគួរឱ្យរន្ធត់។
ហេតុការណ៍ដ៏រន្ធត់មួយ ដោយក្មេងស្រីវ័យ៩ឆ្នាំម្នាក់ បានរស់នៅនិងធ្វើការក្នុងឡឥដ្ឋជាមួយឪពុកម្តាយ គ្រាន់បានកម្រៃបន្ថែមដើម្បីដោះស្រាយជីវភាព ស្រាប់តែអកុសល ពេលកំពុងរុញដីចូលម៉ាស៊ីនកិនដី ក៏ជ្រុលដៃចូលក្នុងម៉ាស៊ីន បណ្តាលឱ្យកិនដាច់ត្រឹមក្លៀក គួរឱ្យរន្ធត់ បង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចសិប្បកម្មឡឥដ្ឋមួយកន្លែង ដែលមានម្ចាស់ឈ្មោះ លាង ស៊្រុន ស្ថិតក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល។

ក្មេងស្រីរងគ្រោះ មានឈ្មោះឆេង ស្រីភ័ក្ត្រ អាយុ៩ឆ្នាំ ស្នាក់នៅនិងបម្រើការងារ ក្នុងសិប្បកម្មឡឥដ្ឋខាងលើ។ ក្មេងស្រីរងគ្រោះមានឪពុកឈ្មោះឆេង ប៊ុនហំ អាយុ៣៧ឆ្នាំ ម្តាយឈ្មោះឃឹម ចាន់ណា អាយុ៣៣ឆ្នាំ ហើយគ្រួសារនេះបានស្នាក់នៅនិងធ្វើការក្នុងសិប្បកម្មឡឥដ្ឋខាងលើ អស់រយៈពេល៦ឆ្នាំមកហើយ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ រួមនឹងឪពុកម្តាយបាននាំគ្នាចូលធ្វើការដូចសព្វដង ដោយឪពុកម្តាយបានបញ្ឆោះម៉ាស៊ីនកិនឥដ្ឋ ហើយបុរសជាឪពុកបានបោះដីចូលក្នុងម៉ាស៊ីន ចំណែកប្រពន្ធនិងកូនស្រី (ក្មេងស្រីរងគ្រោះ) ជាអ្នកកាត់ឥដ្ឋចេញពីម៉ាស៊ីន និងលើករៀបឥដ្ឋដាក់លើរទេះ។ លុះដល់ម៉ោង៩និង៣០នាទីព្រឹកថ្ងៃដដែល ពេលឥដ្ឋពេញរទះ ឈ្មោះឆេង ប៊ុនហំ បានអូសរទេះយកឥដ្ឋទៅរៀបហាលថ្ងៃ ពេលឈ្មោះឆេង ប៊ុនហំ កំពុងរៀបឥដ្ឋដាក់ហាល ស្រាប់តែក្មេងស្រីរងគ្រោះបានដើរទៅរុញដីចូលម៉ាស៊ីន ទើបជ្រុលដៃចូលទៅក្នុងម៉ាស៊ីន បណ្តាលឱ្យម៉ាស៊ីនកិនដាច់ដៃស្តាំម្ខាងត្រឹមក្លៀក និងត្រូវឪពុក ម្តាយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកភ្លាមៗដែរ តែដោយសាររបួសធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅរាជធានីភ្នំពេញ។

លោកលាង ស៊ុន ដែលជាមេការឡឥដ្ឋខាងលើ បានទទួលស្គាល់ថា គ្រួសារកុមារីរងគ្រោះពិតជាបានធ្វើការនៅក្នុងសិប្បកម្មរបស់លោក ជាង៦ឆ្នាំមកហើយមែន ហើយលោកក៏តែងតែបានដាស់តឿនឱ្យមានការប្រុងប្រយ័ត្ន និងប្រាប់កុំឱ្យក្មេងអាយុក្រោម១៨ឆ្នាំធ្វើការដែរ ប៉ុន្តែឪពុកម្តាយក្មេងស្រីរងគ្រោះ ចេះតែឆ្លើយថាមិនអីៗ ក៏ចេះតែឱ្យធ្វើទៅ ហើយក្រោយពេលកើតហេតុ លោកបានឧបត្ថមប្រាក់ចំនួន៥០០ដុល្លារ និងធានា ចេញថ្លៃព្យាបាលរហូតជាសះស្បើយផងដែរ។

គួរបញ្ជាក់ដែរថា យោងតាមច្បាប់ការងារ គឺមិនអនុញ្ញាតឱ្យកុមារអាយុក្រោម១៨ឆ្នាំ បម្រើការងារនៅតាមបណ្តាររោងចក្រ សហគ្រាស ឬសិប្បកម្មនានា ដាច់ខាត ពិសេសនៅតាមសិប្បកម្មឡឥដ្ឋតែម្តង ប៉ុន្តែជារឿយៗ នៅតែមានកុមាររងគ្រោះដាច់ដៃជើង ក្លាយជាក្មេងពិការ ដោយសារគ្រោះថ្នាក់ ក្នុងពេលបំពេញការងារក្នុងសប្បកម្មឡឥដ្ឋ៕