ខេត្តស្វាយរៀង ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បានកើតឡើង កាលពីវេលាម៉ោង២និង០៤នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ បណ្តាលឱ្យបុរសជាប្តីបានទទួលរងរបួសយ៉ាងធ្ងន់ ចំណែកស្ត្រីជាប្រពន្ធដែលទើបនឹងសម្រាលកូនខ្ចីបាន២ខែ រួមនឹងកូនតូចអាយុ២ឆ្នាំម្នាក់ទៀត ស្លាប់យ៉ាងអាណោចអាធ័មទាំង៣នាក់ម៉ែកូន ដោយសារតែរថយន្តយីឌុបធុនយក្ស១គ្រឿង សង្ស័យអ្នកបើកបរងងុយដេក បានបើកក្នុងល្បឿនលឿនដូចហោះ រួចក៏ជ្រុលចង្កូត បុកទម្លុះចូលផ្ទះពេលកំពុងដេកលង់លក់យ៉ាងស្កប់ស្កល់ បង្កឱ្យមានភពភ្ញាក់ផ្អើលនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ។

ជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះនាង សុផាន់តារ៉ា មុខរបរជាជាងជួសជុលម៉ូតូ (រងរបួសធ្ងន់) មានប្រពន្ធឈ្មោះសាក់ វណ្ណា អាយុ២៨ឆ្នាំ ទើបតែសម្រាលកូនបាន២ខែប៉ុណ្ណោះ ចំណែកកូនទាំង២នាក់ រួមមាន ទី១-ឈ្មោះស្តើង ភារ៉ុន ភេទប្រុស អាយុ២ឆ្នាំ និងទី២-ឈ្មោះស្តើង ផារិន ភេទប្រុស អាយុ២ខែ។ ទាំង៣នាក់ម្តាយកូន បានស្លាប់នៅក្រោមរថយន្តយ៉ាង អាណោចអាធ័ម។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តយីឌុបភ្លៅ៥ មួយគ្រឿង បើកបរក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវជាតិលេខ១ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ សង្ស័យអ្នកបើកបរងងុយដេក ទើបធ្វើឱ្យរថយន្តបានរេចង្កូត ធ្លាក់ផ្លូវ រួចក៏ជ្រុលទៅបុកទម្លុះចូលផ្ទះជនរងគ្រោះដែលកំពុងដេកលង់លក់ បណ្តាលឱ្យលាន់ឮដូចរន្ទះ ផ្អើលដល់អ្នកភូមិនាំគ្នាស្ទុះទៅមើល ក៏ប្រទះឃើញជនរងគ្រោះប្តីប្រពន្ធ និងកូនរងបួស និងស្លាប់ក្រោមគំនរផ្ទះគួរឱ្យរន្ធត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ទាញយកសពស្ត្រី និងកូនទាំង២នាក់ចេញពីក្រោមគំនរផ្ទះ ក្រោមរថយន្ត និងនាំយកបុរស ជាប្តី មកកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះផងដែរ។ ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចស្ទួចយកទៅការិយាល័យនគបាលចរាចរណ៍ខេត្ត ដើម្បី ដោះស្រាយទៅតាមផ្លូវច្បាប់។

បច្ចុប្បន្នសពជនរងគ្រោះម្តាយ និងកូន ត្រូវបានសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី រីឯប្តីកំពុងសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ ចំណែករថយន្តបង្ក ត្រូវបានសមត្ថកិច្ចអូសទៅរក្សាទុកនៅការិយាល័យនគបាលចរាចរណ៍ខេត្ត៕


