Tuesday, July 29, 2025
Homeព័ត៌មានជាតិម្នាក់ៗបានត្រឹមឈរមើលទាំងអារម្មណ៍ក្តុកក្តួល ពេលប្តីរត់មកឱបប្រពន្ធស្រែកយំ

ម្នាក់ៗបានត្រឹមឈរមើលទាំងអារម្មណ៍ក្តុកក្តួល ពេលប្តីរត់មកឱបប្រពន្ធស្រែកយំ

ខេត្តសៀមរាប ៖ កាលពីវេលាម៉ោង១ និង១៥នាទីរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ រថយន្តធុនធំ១គ្រឿ ងបើកបរក្នុងល្បឿនលឿន រួចបត់ទៅខាងស្តាំដៃដោយខ្វះការប្រុងប្រយ័ត្ន មិនបានមើលមុខ ក្រោយឱ្យច្បាស់លាស់ ទើបធ្វើឱ្យជ្រុលទៅកិនម៉ូតូ១គ្រឿងជិះដោយស្ត្រី បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែង ធ្វើឱ្យបុរសជាប្តីស្ត្រីរងគ្រោះ មកដល់កន្លែងកើតហេតុ ទួញយំឱបសពប្រពន្ធគួរឱ្យសង្វេគ ចំណែកអ្នកបើកបររថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ស្រមោល ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ ង្កឱ្យមានភាពភ្ញាក់ផ្អើលនៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចភូមិអូតាប្រាក់ ឃុំពួក ស្រុកពួក។

ស្ត្រីរងគ្រោះ មានឈ្មោះសាន់ សាមឿយ អាយុ៣២ឆ្នាំ មានលំនៅក្នុងភូមិគោកថ្មី ឃុំពួក ស្រុកពួក ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខសៀមរាប 1A-9427។ ចំណែករថយន្តបង្ក ម៉ាកអ៊ីស៊ុយហ្ស៊ុយ ពណ៌ស ពាក់ស្លាកលេខសៀមរាប 3A-1758 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានរត់គេចខ្លួន បាត់ស្រមោល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃេញិរថយន្តបង្កខាងលើ បានបើកបរក្នុងទិសដៅពីកើតទៅលិច ហើយបត់ស្តាំ ដោយមិនបានមើលមុខក្រោយនោះទេ ស្របពេលនោះ ក៏មានម៉ូតូស្ត្រីរងគ្រោះខាងលើ ធ្វើដំណើរក្នុងទិសដៅស្របគ្នា បានមកដល់ ទីតាំងកើតហេតុ ក៏ត្រូវរថយន្តកិនទាំងម៉ូតូទាំងមនុស្ស បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់។ ស្រាប់តែភ្លាមៗនោះ គេឃើញបុរសជាប្តី បានមកដល់ និងទួញយំសោកបោកខ្លួនឱបសព ដោយក្តីស្រណោះអាល័យជាទីបំផុត។ ចំណែកអ្នកបើកបររថយន្តបង្ក ក្រោយពីបង្កហេតុរួច ក៏បានចុះពីលើរថយន្ត រត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីចុះធ្វើការវាស់វែងតាមជំនាញរួចរាល់ សមត្ថកិច្ចបានអូសយកម៉ូតូ និងរថយន្តបង្កទៅរក្សាទុក ដើម្បីអនុវត្តតាមនីតិវិធី។

ចំណែកសាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES