ខេត្តកំពង់ធំ ៖ ហេតុការណ៍រន្ធត់មួយបានកើតឡើង ដោយក្មេងប្រុសស្រីចំនួន៣នាក់ បបួលគ្នាលេងទឹកស្រះ ក៏បានរអិលជើងធ្លាក់ចូលកន្លែងទឹកជ្រៅ ទើបព្យាយាមតោងទាញគ្នា បណ្តាលឱ្យលង់ស្លាប់ទាំង៣នាក់យ៉ាង អាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចស្រះទឹក១កន្លែង ស្ថិតក្នុងភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ។

ក្មេងប្រុសស្រីរងគ្រោះទាំង៣នាក់ រួមមាន ទី១. ឈ្មោះឃាង លីទ័រ ភេទប្រុស អាយុ៣ឆ្នាំ ទី២. ឈ្មោះនីន ម៉ាណែត ភេទស្រី អាយុ៤ឆ្នាំ និងទី៣-ឈ្មោះនី គឹមហុង ភេទស្រី អាយុ៤ឆ្នាំ។ ក្មេងប្រុសស្រីទាំង៣នាក់ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងៗរងគ្រោះទាំង៣នាក់ខាងលើ បានលេងទឹកនៅចំណុចស្រះទឹកយ៉ាងសប្បាយរីករាយ ពេលនេះក៏បានរអិលជើងចូលទឹកជ្រៅ ហើយពួកគេព្យាយាមស្រវាតោងទាញគ្នា បណ្តាលឱ្យលង់ស្លាប់ទាំងអស់គ្នាតែម្តង។

ក្រោយកើតហេតុ ក្រុមគ្រួសារនិងអ្នកភូមិ រួមទាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ ជួយរាវរកស្រង់សាកសពឡើងមកលើគោក ឱ្យសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ និងឃើញថា ក្មេងប្រុសស្រីគ្រោះទាំង៣នាក់ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សាកសពក្មេងប្រុសស្រីទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់សពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕





