ភ្នំពេញ ៖ កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ បុរសជាជាងសំណង់ម្នាក់ ជិតចប់ម៉ោងការងារទៅហើយ ក៏ដើរទៅស្រាវខ្សែភ្លើងម៉ូទ័រស្វានយកមកទុក ស្រាប់តែឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆក់ដាំក្បាលចូលរណ្តៅដីរងរបួសធ្ងន់ លុះបញ្ជូនទៅដល់មន្ទីរពេទ្យ ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងនៅចំណុចផ្ទះកំពុងសាងសង់មួយកន្លែង លេខ៣៥៦ ក្រុម៦ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

បុរសរងគ្រោះមានឈ្មោះសេង អ៊ួក អាយុ៤០ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកណើត នៅខេត្តកំពង់ចាម មានប្រពន្ធឈ្មោះអ៊ី សូណំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចូលធ្វើការដូចសព្វដង លុះមកដល់វេលាម៉ោងជិត៥ល្ងាចទៅហើយ ពោលគឺជិតចប់ម៉ោងធ្វើការ ទើបជនរងគ្រោះ បានឆ្លៀតរៀបចំឧបករណ៍ម៉ូទ័រស្វានបុកដីទុក តែដោយសារមិនបានដកឌុយខ្សែភ្លើងចេញ ទើបពេលដែលជនរងគ្រោះស្រាវខ្សែភ្លើង ក៏បានឆ្លងចរន្តឆក់ បណ្តាលឱ្យជនរងគ្រោះដាំក្បាលចូលទៅក្នុងរណ្តៅដី។ ភ្លាមនោះ ជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី ដើម្បីឱ្យក្រុមគ្រួសារជួយសង្គ្រោះជីវិតដែរ តែពេលបញ្ជូនទៅដល់ គ្រូពេទ្យពិនិត្យបានប្រមាណ១០នាទី ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។ ពេលនោះ គេឃើញស្ត្រីជាប្រពន្ធជនរងគ្រោះ បានធ្វើដំណើរមកដល់មន្ទីរពេទ្យរុស្ស៊ីភ្លាមៗ និងបានអង្គុយឱបសពប្តី ទួញយំបណ្តើរ រៀបរាប់បណ្តើរ គួរឱ្យអាណិតអាសូរជាពន់ពេក។

ក្រោយពេលកើតហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅឯស្រុកកំណើត ខេត្តកំពង់ចាម៕


