ខេត្តពោធិ៍សាត់ ៖ បុរស២នាក់ ជាមិត្តភក្តិនឹងគ្នា តែងដើរលេងផឹកស៊ីជាមួយគ្នាជាប្រចាំ លុះក្រោយពីវាតវង់ផឹកស៊ីជាមួយគ្នារហូតដល់ស្រវឹងធ្លាក់ភ្នែក ស្រាប់តែកើតជាជម្លោះតឹងសរសៃកដាក់គ្នា ដោយភាគីម្ខាងផ្ទុះភ្លើងប្រចណ្ឌ ចោទមិត្តភក្តិថា លួចទាក់ទងជាមួយប្រពន្ធរបស់ខ្លួន រហូតដល់ទប់កំហឹងមិនបាន ក៏ស្ទុះទៅទាញកាំបិត មកកាប់ប្រហារមិត្តភក្តិចំនួន៣កាំបិត ចំកញ្ចឹងក បណ្តាលឱ្យដាច់កស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម គួរឱ្យរន្ធត់។ ចំណែកជនដៃដល់ ក្រោយពីធ្វើសកម្មភាពរួច ក៏រត់គេចខ្លួនបាត់ស្រមោល។

ករណីឃាតកម្មផ្តើមចេញពីភ្លើងប្រចណ្ឌ ចោទមិត្តភក្តិលួចទាក់ទងប្រពន្ធ ទាញកាំបិតកាប់ដាច់កស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៤៩នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចវាលស្បូវ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុក វាលវែង។
ជនដៃដល់ជាឃាតករដៃឆៅ មានឈ្មោះ អ៊ឹម វុទ្ធី អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង សព្វថ្ងៃមករស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះ ចាន់ ពិនិត្យ អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា រវាងជនដៃដល់ និងជនរងគ្រោះ គឺជាមិត្តភក្តិរាប់អានគ្នាជិតស្និទ្ធខ្លាំងណាស់ ធ្លាប់ដើរលេងផឹកស៊ីជាមួយគ្នាជាញឹកញាប់។ នៅមុនពេលកើតហេតុ ជនដៃដល់និងជនរងគ្រោះ បាននាំគ្នាផឹកស៊ីជាមួយគ្នា លុះស្រវឹងរៀងខ្លួន ក៏បានឈ្លោះប្រកែកគ្នា ដោយជនដៃដល់ឈ្មោះអ៊ឹម វុទ្ធី មានចិត្តប្រចណ្ឌ និងបានចោទប្រកាន់ទៅលើជនរងគ្រោះឈ្មោះចាន់ ពិនិត្យ ថាបានលួចទាក់ទងប្រពន្ធរបស់ខ្លួន ហើយទោះជាជនរងគ្រោះព្យាយាមប្រកែក និងពន្យល់ប្រាប់យ៉ាងណា ក៏ជនដៃដល់នៅតែមិនព្រមស្តាប់សោះឡើយ។

ប្រភពដដែលបន្តថា លុះបន្តិចក្រោយមក ដោយសារតែផ្ទុះកំហឹងក្តៅឆួល ទ្រាំលែងបាន ទើបជនដៃដល់បានស្ទុះទៅយកកាំបិត កាប់ប្រហារទៅលើជនរងគ្រោះ ចំនួន៣កាំបិត ចំកញ្ចឹងកផ្នែកខាងស្តាំ បណ្តាលឱ្យដាច់កប្រកាច់ស្លាប់ភ្លាមៗក្នុងថ្លុកឈាម នៅនឹងកន្លែងតែម្តង។ ក្រោយធ្វើសកម្មភាពកាប់មិត្តភក្តិឱ្យស្លាប់រួចហើយ ជនដៃដល់ក៏រត់គេចខ្លួនបាត់ស្រមោល។ ចំណែកប្រជាពលរដ្ឋក្បែរខាង ប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម ក៏រាយការណ៍ប្រាប់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានចុះមកជួយអន្តរាគមន៍។
លោកវរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានឱ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ថា មានករណីឃាតកម្មកើតឡើងនៅចំណុចខាងលើភ្លាម លោកក៏បានចាត់កម្លាំងជំនាញ ចុះដល់ទីតាំងកើតហេតុខាងលើ ដើម្បីពិនិត្យភ្លាមៗ។

លោកអធិការបញ្ជាក់ថា តាមការស្រាវជ្រាវរបស់សមត្ថកិច្ចនៅកន្លែងកើតហេតុ បានអះអាងថា ករណីឃាតកម្មនេះ បណ្តាលមកពីជនសង្ស័យឈ្មោះអ៊ឹម វុទ្ធី ជាប្តីប្រចណ្ឌប្រពន្ធខ្លួន ទើបបង្កឱ្យមានអំពើហិង្សា ក្លាយជាឃាតកម្មនេះកើតឡើងតែម្តង។ ដោយជនរងគ្រោះ ត្រូវបានជនដៃដល់ កាប់ប្រហារចំនួន៣កាំបិត ចំកញ្ចឹងកលើស្មាខាងស្តាំ១កាំបិត និងចំជាប់ជើងសក់ផ្នែកខាងក្រោយ ចំនួន២កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមតែម្តង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួនជនដៃដល់ជាឃាតករ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់ និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។

ដោយឡែក សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ធ្វើរៀបចំធ្វើបុណ្យតាមប្រពៃណី៕