ភ្នំពេញ ៖ រថយន្តធុនធំប្រភេទសណ្តោង1គ្រឿង បានបើកចូលកណ្តាលរាជធានីភ្នំពេញ ទាំងព្រឹក ដោយផ្គើននឹងបទបញ្ជារបស់លោកអភិបាល និងលោកស្នងការរាជធានីភ្នំពេញ និងថែមទាំងបានបង្កគ្រោះថ្នាក់ ជ្រុលទៅបុកម៉ូតូ1គ្រឿង ជិះដោយស្ត្រី2នាក់ ពីក្រោយយ៉ាងពេញទំហឹង ធ្វើឱ្យស្ត្រីម្នាក់ដែលជិះពីក្រោយធ្លាក់ពីលើម៉ូតូ និងត្រូវរថយន្តកិនចំក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែងគួរឱ្យសង្វេគ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង10 និង30នាទីព្រឹក ថ្ងៃទី12 ខែមីនា ឆ្នាំ 2019 នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្បែរផ្សារស្ទឹងមានជ័យថ្មី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី1 ខណ្ឌមានជ័យ។

ស្ត្រីរងគ្រោះដែលត្រូវរថយន្តធំកិនធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម មានឈ្មោះស៊ុន សួង អាយុ53ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង។ ស្ត្រីរងគ្រោះរួមដំណើរជាមួយនឹងស្ត្រីម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ដោយជិះម៉ូតូ1គ្រឿង ម៉ាកធូដេ ពណ៌ត្រួយចេក។ ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ 3E-0515 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ (ឃាត់ខ្លួន)។

តាមសម្តីស្ត្រីជាអ្នកជិះម៉ូតូដឹកស្ត្រីរងគ្រោខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបគាត់រួមនឹងស្ត្រីរងគ្រោះបានចូលទិញសម្ភារក្នុងផ្សារស្ទឹងមានជ័យថ្មី ដើម្បីយកទៅរៀបចំពិធីបុណ្យចម្រើនព្រះជន្ម។ ក្រោយពីទិញអីវ៉ាន់រួចរាល់អស់ហើយ ពួកគាត់ក៏ជិះម៉ូតូម៉ាកធូដេ ពណ៌ត្រួយចេក ចេញពីផ្សារស្ទឹងមានជ័យថ្មី ដោយធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីិរ៉េត ក្នុងទិសដៅពីជើងទៅត្បូង។ ស្រាប់តែពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏មានរថយន្តធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ ខាងលើ បើកបរក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅស្របគ្នា បានមកពីក្រោយម៉ូតូរបស់គាត់ រួចក៏ជ្រុលមកបុកម៉ូតូគាត់ពីក្រោយយ៉ាងពេញទំហឹង ធ្វើឱ្យស្ត្រីរងគ្រោះដែលជាអ្នកជិះពីក្រោយធ្លាក់ពីលើម៉ូតូ និងត្រូវរថយន្តកិនចំក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុតែម្តង។ ចំណែករូបគាត់ជាអ្នកបើកម៉ូតូ មិនមានរងរបួសនោះទេ គ្រាន់តែមានការភិតភ័យ និងតក់ស្លុតយ៉ាងខ្លាំង ខណៈដែលងាកមកមើលខាងក្រោយ ឃើញស្ត្រីរងគ្រោះត្រូវរថយន្តកិនធ្លាយខួរស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ តៃកុងរថយន្ត រួមនឹងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់បានភ្លាមៗ។

បន្ទាប់ពីធ្វើការវាស់វែងនៅកន្លែងកើតហេតុរួចរាល់ សមត្ថកិច្ចជំនាញបានអូសយករថយន្តបង្ក និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។
ដោយឡែក សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើតខេត្តស្វាយរៀង។

គួរបញ្ជាក់ថា ទាំងលោកអភិបាលរាជធានីភ្នំពេញ ក៏ដូចជាលោកស្នងការនគរបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ហាមដាច់ខាតមិនឱ្យរថយន្តធុនធំគ្រប់ប្រភេទ ធ្វើចរាចរណ៍នៅលើដងផ្លូវក្នុងរាជធានីភ្នំពេញ នៅពេលថ្ងៃនោះទេ ប៉ុន្តែ បទបញ្ជានេះ ត្រូវមហាជនមើលឃើញថា ហាក់សាបដូចទឹកទន្លេ ព្រោះមិនថា មន្ត្រីនគរបាលចរាចរណ៍ ឬមន្ត្រីមានសមត្ថកិច្ចតាមបណ្តាខណ្ឌនីមួយៗទេ ហាក់មិនសូវយកចិត្តទុកដាក់អនុវត្ត ទប់ស្កាត់រថយន្តធុនធំទាំងនេះសោះ ជាហេតុធ្វើឱ្យរថយន្តធុនធំទាំងនោះ តែងបង្កគ្រោះថ្នាក់ឆក់យកអាយុជីវិតប្រជាពលរដ្ឋជារឿយៗ៕