ខេត្តសៀមរាប ៖ បុរសម្នាក់ព្រោះតែមួម៉ៅក្តៅចិត្តរឿងប្រពន្ធរត់ចោល ក៏ទៅផឹកស្រាបំបាត់ទុក្ខ តែទុក្ខកាន់តែធ្ងន់ រហូតដល់កម្រិតទប់លែង ជាប់បែរជាបែកគំនិត កាន់កាំបិតស្រែឡូឡា និងដើរដុតផ្ទះប្រជាពលរដ្ឋអស់ចំនួន៤ខ្នង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិចំនួន៣ ក្នុងឃុំរើល ស្រុកពួក។

ជនសង្ស័យ ដែលខូចចិត្តរឿងប្រពន្ធរត់ចោល ក៏ទៅផឹកស្រាស្រវឹងអួទីនួ រួចក៏បែកគំនិតដើរដុតផ្ទះគេឆេះអស់៤ខ្នងនេះ មានឈ្មោះ ឡា លា អាយុ៤៧ឆ្នាំ មុខរបរធ្វើស្រែ មានស្រុកកំណើតនៅភូមិព្រៃធំ ឃុំគោកធ្លកលើ ស្រុកជីក្រែង បច្ចុប្បន្នរស់នៅភូមិស្រះ ឃុំរើល ស្រុកពួក។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានបញ្ជាក់ប្រាប់ថា កម្លាំងនគរបាលមូលដ្ឋាននៃស្រុកពួក បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះឡា លា ដែលបានប្រព្រឹត្តករណីបង្កឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ដោយចេតនា (ដុតផ្ទះ) កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៩ បណ្តាលឱ្យឆេះផ្ទះរបស់ជនរងគ្រោះ៤ខ្នង នៅក្នុងភូមិចំនួន៣ ក្នុងមូលដ្ឋានឃុំរើល ស្រុកពួក។

លោកអធិការបញ្ជាក់ថា ផ្ទះទាំង៤ខ្នង ដែលត្រូវជនដៃដល់ ធ្វើការដុតបំផ្លាញ រួមមាន ផ្ទះទី១. ទំហំ៦ម៉ែត្រ គុណនឹង ៥ម៉ែត្រ កម្ពស់២ម៉ែត្រ ជញ្ជាំងក្តារ ប្រក់ហ្វីប្រូ (ឆេះអស់ទាំងស្រុង) ជាកម្មសិទ្ធិរបស់ឈ្មោះញ៉ាណ លឿ ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិស្រះ ឃុំរើល ស្រុកពួក។ ផ្ទះទី២. ទំហំ៥ម៉ែត្រ គុណនឹង ៤ម៉ែត្រ កម្ពស់១,៨០ម៉ែត្រ ប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះព្រឿម គង់ ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំរើល ស្រុកពួក ខូចខាតស្រូវ១តោនកន្លះ កង់១ ទូរទស្សន៍១ ផ្ទាំងសូឡា១គ្រឿង (ឆេះអស់ទាំងស្រុង)។ ផ្ទះទី៣. ជាកម្មសិទ្ធិរបស់ឈ្មោះភាវ ថា ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិក្បាលក្រពើ ឃុំរើល ស្រុកពួក ខូចខាតគ្រឿងឈើទុកធ្វើផ្ទះ១ឈុត ស្រូវ១តោនកន្លះ ទូរទស្សន៍១ សូឡា១គ្រឿង កង់៣គ្រឿង និងប្រាក់បាត៤៥០០០បាត (ឆេះអស់ទាំងស្រុង)។ និងផ្ទះទី៤. ទំហំ៦ម៉ែត្រ គុណនឹង ៥ម៉ែត្រ កម្ពស់២ម៉ែត្រ ជាកម្មសិទ្ធិ របស់ឈ្មោះមឿន មឿត ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំរើល ស្រុកពួក ខូចខាតស្រូវ២តោន ទូរទស្សន៍១ សូឡា១គ្រឿង (ឆេះអស់ទាំងស្រុង)។

លោកអធិការ បានបន្ថែមថា មូលហេតុបណ្តាលមកពីជនបង្កខាងលើ មានវិបត្តិផ្លូវចិត្តក្នុងគ្រួសារ ត្រូវប្រពន្ធចុះចោល ទើបចេះតែដើរផឹកស្រាស្រវឹងជាប្រចាំ ទីបំផុត ស្រវឹងខ្លាំងពេក ក៏បែកគំនិតដើរទៅដុតផ្ទះអ្នកភូមិចោលអស់៤ខ្នង រួចក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកមកសាកសួរ និងរៀបចំសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅកាន់ការិយាល័យជំនាញ ចាត់ការបន្តតាមផ្លូវច្បាប់៕
