ភ្នំពេញ ៖ កាលពីវេលាម៉ោង៩ និង៤៥នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ បុរស២នាក់ ក្រោយពីធ្វើការហត់នឿយអស់កម្លាំងខ្លាំងពេក ក៏បបួលគ្នាចូលទៅរកសេវាកោសជប់សម្រួល នៅហាងកោសជប់ម៉ាស្សាមួយកន្លែង លុះសម្រួលសរសៃរួច បែរជាងងឹតមុខស្លុប បន្ទាប់ពីឆែកហោប៉ៅខោមើល ស្រាប់បាត់អស់លុយុចំនួន៤០០ដុល្លារ ឃើញតែក្រដាសដុល្លារសែនខ្មោច ចំនួន៤សន្លឹកជំនួសវិញ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ហេតុការណ៍នេះបង្កឱ្យមានភាពភ្ញាក់ផ្អើលឡើង នៅចំណុចហាងកោសជប់ម៉ាស្សាមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

បុរសរងគ្រោះទាំង២នាក់ ដែលចូលកោសជប់ម៉ាស្សាតែមួយភ្លែត បែរជាអស់លុយរហូតដល់ទៅ៤០០ដុល្លារនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសទាំង២នាក់ខាងលើ បានធ្វើដំណើរចូលមករកសេវា កោសជប់ម៉ាស្សា សម្រួលសរសៃ លុុះពេលចូលទៅដល់ ក៏ត្រូវនារីកោសជប់ទាំងនោះ បង្គាប់ឱ្យស្រាតខោទុកនៅចុងជើង រួចក៏ចាប់ផ្តើមកោសជប់រហូតរួចរាល់ ក៏ស្លៀកពាក់ចេញមកក្រៅត្រឡប់ទៅផ្ទះវិញ ដោយមិនចាប់អារម្មណ៍អ្វីទាំងអស់។ លុះពេលទៅដល់ផ្ទះ លូកមើលក្នុងហោប៉ៅខោ ក៏ស្រាប់តែប្រទះឃើញលុយដុល្លារខ្មោច ចំនួន៤សន្លឹក (ក្រដាស១០០) ចំណែកលុយដុល្លារមែនទែន៤០០ដុល្លារ បែរជាបាត់អស់គ្មានសល់ ទើបធ្វើឱ្យជនរងគ្រោះត្រឡប់មកផ្ទះកោសជប់នោះវិញ ដើម្បីសួរនាំ ស្រាប់តែមកដល់ ម្ចាស់ហាងបានបិទទ្វារបាត់អស់ ជាហេតុធ្វើឱ្យបុរសរងគ្រោះ ផ្ទុះកំហឹងខ្លាំងពេក ទប់ចិត្តមិនបាន ក៏ជ្រុលដៃវ៉ៃបាក់រានទេវតាផ្ទះអ្នកជិតខាងនៅក្បែរនោះ បាក់អស់១ ទើបប្រជាពលរដ្ឋ បានទូរស័ព្ទសុំអន្តរាគមន៍ពីសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើតែម្តង៕