Tuesday, September 23, 2025
Homeព័ត៌មានជាតិកូនស្រីគាំងបេះដូងស្លាប់ក្នុងសាលា ម៉ែយំបោកខ្លួន

កូនស្រីគាំងបេះដូងស្លាប់ក្នុងសាលា ម៉ែយំបោកខ្លួន

ខេត្តកំពត ៖ យុវតីជាសិស្សសាលាម្នាក់ បានចេញទៅសាលារៀនសូត្រដូចសព្វដង លុះដល់ម៉ោងចេញលេង ក៏ស្រាប់តែកើតមានអាការងងឹតមុខដួលសន្លប់ស្តូកស្តឹងនៅក្នុងថ្នាក់ ទើបធ្វើឱ្យមិត្តភក្តិ និងលោកគ្រ​ូ អ្នកគ្រូ មានការផ្អើលឆោឡោ ប្រញាប់ដឹកបញ្ជូនយុវតីរងគ្រោះទៅមន្ទីរពេទ្យ តែអកុសល ពេលបញ្ជូនទៅដល់គ្រូពេទ្យពិនិត្យរួច ក៏ប្រាប់ថា យុវតីរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ជាហេតុធ្វើឱ្យស្ត្រីជាម្តាយរន្ធត់ចិត្ត យំសោកបោកខ្លួន រហូតដល់សន្លប់។

ហេតុការណ៍យុវតីសិស្សសាលាគាំងបេះដូងស្លាប់ក្នុងថ្នាក់រៀននេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅវិទ្យាល័យដងទង់ នៅភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់។

យុវតីរងគ្រោះខាងលើ មានឈ្មោះទូច ស្រីណា អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៨ នៃវិទ្យាល័យដងទង់ ស្ថិតក្នុងភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់  និងមានលំនៅក្នុងភូមិត្រពាំងវែងខាងកើត ឃុំដងទង់ ស្រុកដងទង់។

តាមប្រភពព័ត៌បានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ យុវតីរងគ្រោះបានធ្វើដំណើរមកពីផ្ទះចូលថ្នាក់រៀនសូត្រដូចធម្មតា ដោយមិនមានបញ្ហាអ្វីកើតឡើងឡើយ ហើយក៏មិនឮយុវតីរងគ្រោះ ត្អូញត្អែរប្រាប់មិត្តភក្តិ ឬលោកគ្រូអ្នកគ្រូថា មិនស្រួលខ្លួនអ្វីដែរ។ រហូតមកដល់វេលាម៉ោង៣និង១០នាទីរសៀលថ្ងៃដដែល ជាពេលសម្រាក ទើបលោកគ្រូ អ្នកគ្រូ បានអនុញ្ញាតឱ្យសិស្សសម្រាក (នាំគ្នាចេញលេង) ស្រាប់តែរំពេចនោះ គេឃើញយុវតីរងគ្រោះមានទឹកមុខស្លេកស្លាំងខុសប្រក្រតី រួចក៏ដួលសន្លប់បាត់មាត់បាត់កនៅក្នុងថ្នាក់រៀនតែម្តង។

ប្រភពដដែលបន្តថា បន្ទាប់ពីឃើញសភាពមិនស្រួលបែបនេះ ទើបមិត្តភក្តិ និងលោកគ្រូ អ្នកគ្រូ ជួយសង្គ្រោះបឋម ដោយគក់ច្របាច់ លាបរឺតប្រេងខ្យល់ ប្រេងកូឡាឱ្យយុវតីរងគ្រោះដែរ តែនាងនៅមិនដឹងខ្លួន ទើបប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត តែអកុសល ពេលបញ្ជូនទៅដល់ ក្រុមគ្រូពេទ្យពិនិត្យរួច ក៏បញ្ជាក់ប្រាប់ថា យុវតីរងគ្រោះបានស្លាប់បាត់ហើយ ជាហេតុធ្វើឱ្យស្ត្រីជាម្តាយ រួមទាំងក្រុមគ្រួសារទ្រហោយំសោកបោកខ្លួន រហូតដល់សន្លប់ ព្រោះតែស្តាយស្រណោះជីវិតកូនស្រី ដែលនៅសុខៗ បែរជាចាកចេញទៅ ដោយគ្មានពាក្យលាមួយម៉ាត់។

សាកសពយុវតីរងគ្រោះខាងលើ ត្រូវបានក្រុមគ្រួសារដឹកត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យផងដែរ។

បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យរួចរាល់ សមត្ថកិច្ចបញ្ជាក់ថា យុវតីរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងប្រាកដមែន។

សាកសពយុវតីខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES