Tuesday, September 23, 2025
Homeព័ត៌មានជាតិប្រពន្ធដកម៉ូតូទុកលែងឲ្យរកសុីទៀត ប្តីឈឺចិត្តណាស់ សម្ងំធ្វើរឿងហ្នឹងតែម្តង

ប្រពន្ធដកម៉ូតូទុកលែងឲ្យរកសុីទៀត ប្តីឈឺចិត្តណាស់ សម្ងំធ្វើរឿងហ្នឹងតែម្តង

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ រកស៊ីរត់ម៉ូតូឌុបបានលុយ ចេះតែដើរផឹកស៊ីចាយវាយអស់គ្មានសល់ មិនដែលផ្តល់ឱ្យប្រពន្ធកូនសោះឡើយ ទើបធ្វើឱ្យស្ត្រីជាប្រពន្ធខឹងពេក ក៏ដកម៉ូតូទុក មិនឱ្យជិះអស់រយៈពេល២ថ្ងៃ ស្រាប់តែបុរសជាប្តីបែរជាឈឺចិត្តស្អិតទ្រូង រហូតឈានដល់គិតខ្លី ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក បណ្តាលឱ្យស្លាប់ចោលប្រពន្ធកូន។

ករណីប្តីតូចចិត្តប្រពន្ធដកម៉ូតូទុក បែរជាគិតខ្លីចងកបញ្ចប់ជីវិតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ទឹកក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅខាងក្រោយវត្តទួលសុវណ្ណារ៉ាម ហៅវត្តទួលសង្កែ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ។

បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន ព្រោះតែ ឈឺចិត្តនឹងរឿងប្រពន្ធដកម៉ូតូមិនឱ្យជិះ មានឈ្មោះសួន គីមសឿន អាយុ៥១ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅភូមិទី១៤ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម មានប្រពន្ធឈ្មោះឡាយ សុខទា អាយុ៣៩ឆ្នាំ មុខរបរជាកម្មការីនីរោងចក្រ និងមានកូនប្រុសស្រី ក្នុងបន្ទុកចំនួន២នាក់។ ក្រុមគ្រួសារខាងលើនេះ សព្វថ្ងៃស្នាក់នៅជុំគ្នាក្នុងបន្ទប់ជួលកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មិនមានអ្នកណាម្នាក់បានដឹងថា ជនរងគ្រោះសម្ងំចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល តាំងពីថ្មើរណាមកទេ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ មានអ្នកជិតខាងម្នាក់ បានដើរកាត់មុខបន្ទប់ជនរងគ្រោះ រួចក៏ប្រទះឃើញទ្វារបន្ទប់របស់ជនរងគ្រោះចំហខុសប្លែកធម្មតា ទើបមានការសង្ស័យក៏អើតមើល ស្រាប់តែប្រទះឃើញ បុរសរងគ្រោះចងកស្លាប់បាត់ទៅហើយ ក៏ស្រែកឆោឡោឡើង ផ្អើលដល់ប្រជាពលរដ្ឋជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ប្រភពដដែលបានបន្តថា មូលហេតុដែលនាំឱ្យជនរងគ្រោះធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួននេះ គឺអាចមកពីរឿងខឹងនឹងប្រពន្ធដកម៉ូតូ មិនឱ្យជិះរយៈពេល២ថ្ងៃមកហើយ ទើបគិតខ្លីចងកសម្លាប់ខ្លួន ចោលប្រពន្ធកូនបែបនេះតែម្តង។

តាមសម្តីរបស់ស្ត្រីជាប្រពន្ធ បានឱ្យដឹងថា ប្តីរបស់គាត់ប្រកបរបររត់ម៉ូតូឌុប តែពេលរកបានប្រាក់ គិតតែពីដើរផឹកស៊ី មិនដែលសល់លុយកាក់ឱ្យប្រពន្ធ និងគិតគូរពីក្រុមគ្រួសារនោះទេ។ ដោយសារតែឃើញប្តីរត់ម៉ូតូឌុប សម្រាប់តែយកលុយផឹកស្រាបែបនេះ ទើបកាលពី២ថ្ងៃមុន គាត់ខឹងពេក ក៏បានដកម៉ូតូទុកលែងឱ្យរត់ ធ្វើឱ្យប្តីអត់មានអីជិះផង អត់មានលុយផឹកផង ទើបចេះតែមួម៉ៅមិនឈប់ តែយ៉ាងណា គាត់ក៏មិននឹកស្មានដល់សោះថា គ្រាន់តែរឿងប៉ុណ្ណេះ ប្តីបែរជាមានគំនិតខ្លីដល់ម៉្លឹងសោះ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព  រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនឯងប្រាកដមែន ដោយប្រើខ្សែនីឡុង ចងកភ្ជាប់ទៅនឹងឆ្អឹងពិតានបន្ទប់ទឹក បណ្តាលឱ្យស្លាប់។ មូលហេតុដោយសារតែជនរងគ្រោះតូចចិត្តរឿងប្រពន្ធដកម៉ូតូមិនឱ្យរត់ឌុប។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅតតម្ពល់នៅវត្តទួលសុវណ្ណារ៉ាម ហៅវត្តទួលសង្កែ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES