Tuesday, September 23, 2025
Homeព័ត៌មានជាតិឪពុកវាយជាំពេញខ្លួន កូនស្លាប់ ក្រុមគ្រូពេទ្យបញ្ជាក់ថា មានជំងឺរលាកសួតធ្ងន់ធ្ងរ

ឪពុកវាយជាំពេញខ្លួន កូនស្លាប់ ក្រុមគ្រូពេទ្យបញ្ជាក់ថា មានជំងឺរលាកសួតធ្ងន់ធ្ងរ

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១១និង០០នាទីថ្ងៃត្រង់ សមត្ថកិច្ចបានឃាត់ខ្លួនឪពុកកំណាច ដែលបានធ្វើសកម្មភាពយកដែកព្យួរខោអាវ និងអំបោសវាយកូនបង្កើតខ្លួនឯង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលនៅចំណុចបន្ទប់ជួល ភូមិត្រាំង ដោក សង្កាត់ពងទឹក ខណ្ឌដង្កោ

បុរសដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ន័យ រិទ្ធី ហៅ ម៉ាប់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរនៅផ្ទះ។ ចំណែកកុមាររងគ្រោះ ឈ្មោះរិទ្ធី រ៉ាទី ភេទប្រុស អាយុ០៣ឆ្នាំ ជនជាតិខ្មែរ។ អ្នកទាំង២ ជាឪពុកនិងកូនបង្កើត ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៧និង០០នាទីព្រឹក ឈ្មោះស្រេង សុភ័ក្ត្រ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធរបស់ជនសង្ស័យ បានចេញពីផ្ទះជួល ទៅធ្វើការរោងចក្រ ហើយបានទុកកូនតូចៗចំនួន២នាក់ ឈ្មោះ រិទ្ធី រ៉ាទី ភេទប្រុស អាយុ៣ឆ្នាំ និងឈ្មោះ រិទ្ធី លាងអ៊ី ភេទស្រី អាយុ០១ឆ្នាំកន្លះ នៅជាមួយប្តី។ ពេលនោះ កុមាររងគ្រោះក៏បានយំទារទៅតាមម្តាយ ធ្វើឲ្យជនសង្ស័យជាឪពុកបង្កើតខឹងកូនទាំង២នាក់ខាងលើ រួចក៏បានយកអំបោស និងដែកព្យួរខោអាវ វ៉ៃទៅលើកុមាររងគ្រោះត្រង់កំប៉េះគូថ ជើង និងដងខ្លួន ហើយនិយាយសំឡុតឲ្យឈប់យំ ។

ប្រភពពីសមត្ថកិច្ចបានបន្តថា លុះដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១០និង៤០នាទី កុមារារងគ្រោះបានប្រកាច់រមួលដៃ រមួលជើង ស្រែកយំខ្លាំងៗ រហូតដល់ម៉ោង១១និង៣០នាទី ទើបប្រពន្ធជនសង្ស័យចេញពីធ្វើការរោងចក្រមកផ្ទះ ក៏ឃើញកូន (កុមារារងគ្រោះ) ក្នុងស្ថានភាពបែបនេះ ជនសង្ស័យបានខ្ចីម៉ូតូអ្នកជិតខាង ឌុបប្រពន្ធនិងកុមាររងគ្រោះទៅមន្ទីរពេទ្យគន្ធបុប្ផាបាត់ទៅ។ លុះដល់វេលាម៉ោង២៣និង៣០នាទីកណ្តាល់អាធ្រាត្រ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩​ដដែល គ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផា បានប្រាប់ជនសង្ស័យនិងប្រពន្ធថា កុមារងគ្រោះបានស្លាប់បាត់បង់ជីវិតហើយ ក៏ទុកសពកូនរហូតដល់វេលាម៉ោង០៧និង០០នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ជនសង្ស័យនិងប្រពន្ធ បាននាំយកសពកុមារងគ្រោះទៅវត្តវ៉ារិន្ទ ព្រែកលៀប ផ្លូវលេខ៦ A សង្កាត់ព្រែក លៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីបូជាតាមប្រពៃណី ។

ប្រភពែលបានឲ្យដឹងទៀតថា លុះពេលយកសពកូនទៅបូជា ជនសង្ស័យបានមកបន្ទប់ជួយវិញ ទុកតែប្រពន្ធឲ្យនៅចាត់ចែងបុណ្យសពកូន បន្ទាប់មកក្រុមគ្រួសារខាងប្រពន្ធរបស់ជនសង្ស័យ បានមកចូលរួម ក៏ឃើញមានស្លាកស្នាមនៅលើដងខ្លួនរបស់សាកសពកុមាររងគ្រោះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ ឲ្យជួយអន្តរាគមន៍ និងធ្វើកោសល្យវិច័យ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ សមត្ថកិច្ចខណ្ឌជ្រោយចង្វារ  បានទាក់ទងទៅកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យ ឃើញមានស្លាកស្នាមនៅលើដងខ្លួនសាកសពកុមារារងគ្រោះជាច្រើនកន្លែង ដែលជាស្លាកស្នាមប្រើអំពើហិង្សា រួចសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ ក៏បានរាយការណ៍មកសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ចុះឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់​។

ជនសង្ស័យបានឆ្លើយសារភាពប្រាប់ថា រូបគេពិតជាបានប្រើអំពើហិង្សាទៅលើកុមាររងគ្រោះត្រូវជាកូនបង្កើត ដោយយកអំបោស និងដែកព្យួរខោអាវ វ៉ៃទៅលើកូនប្រុសបង្កើត បណ្តាលឲ្យមានស្លាកស្នាមជាច្រើនប្រាកដមែន។

ដោយឡែក ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ និងលិខិតមរណៈភាពរបស់មន្ទីពេទ្យគន្ធបុប្ផា លេខ៣១៣ បានបញ្ជាក់ថា កុមារារងគ្រោះស្លាប់ដោយជំងឺរលាកសួតធ្ងន់ធ្ងរ (EV71)។

បន្ទាប់ពីធ្វើកោសល្យវិច័យសពរួចរាល់ សមត្ថកិច្ចបានប្រគល់ទៅឲ្យម្តាយបង្កើត យកទៅធ្វើបុណ្យនៅវត្តវ៉ារិន្ទ ព្រែកលៀប តាមប្រពៃណីតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដង្កោ​​ បានធ្វើការឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

RELATED ARTICLES