Tuesday, September 23, 2025
Homeព័ត៌មានជាតិប្រពន្ធចោទមានស្រី ប្តីចោទមានប្រុស នាំគ្នាទៅស្បថ អូនបែកមុខ បងជាប់ខ្នោះ

ប្រពន្ធចោទមានស្រី ប្តីចោទមានប្រុស នាំគ្នាទៅស្បថ អូនបែកមុខ បងជាប់ខ្នោះ

ភ្នំពេញ ៖ ប្តីប្រពន្ធ១គូ បានកើតភ្លើងប្រចណ្ឌដាក់គ្នា ដោយប្រពន្ធចោទប្តីថា លួចមានស្រី។ ចំណែកប្តីបែរជាចោទប្រពន្ធថា លួចមានសាហាយទៅវិញ លុះមានចិត្តសង្ស័យក្លាយជាជម្លោះតឹងសរសៃកដាក់គ្នា ក៏សម្រេចដឹកគ្នាទៅស្បថនៅមុខព្រះអង្គដងកើ ដើម្បីបញ្ជាក់ចិត្តស្មោះរៀងខ្លួន ស្រាប់តែពេលដឹកគ្នាចេញពីផ្ទះទៅដល់ពាក់កណ្តាលផ្លូវ ក៏ចាប់ផ្តើមឈ្លោះគ្នាបែកផ្សែងម្តងទៀត រហូតដល់បុរសជាប្តី ទប់កំហឹងមិនបានក៏ជ្រុលដៃវ៉ៃប្រពន្ធ១ដៃ បែកថ្ងាសហូរឈាមពេញមុខ ផ្អើលដល់សមត្ថកិច្ចចាប់វ៉ៃខ្នោះបុរសជាប្តី នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សា ប្តីវ៉ៃប្រពន្ធបែកថ្ងាស ព្រោះតែភ្លើងប្រចណ្ឌខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុច មុខអគារខុនដូព្រីនផ្លាហ្សា តាមបណ្តោយមហាវិថីព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនដៃដល់ជាប្តីដែលវ៉ៃប្រពន្ធបែកថ្ងាស និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអាត ណារ៉ា អាយុ២៤ឆ្នាំ មុខរបរដឹកជញ្ជូនអីវ៉ាន់លក់តាមអនឡាញ មានស្រុកកំណើតនៅភូមិផ្តៅជុំ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះសារ៉ាត់ លីនដា អាយុ២៩ឆ្នាំ មុខ របរបុគ្គលិកហាងបៀរហ្គាឌែនបុប្ផាជាយដែន មានស្រុកកំណើតនៅភូមិគៀ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ប្តីប្រពន្ធអ្នកទាំងពីរ សព្វថ្ងៃស្នាក់នៅជុំគ្នាក្នុងផ្ទះជួល ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

តាមប្រភពពីជនដៃដល់ជាប្តី បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ គាត់ទើបតែត្រឡប់មកធ្វើការ ហើយមិត្តភក្តិស្គាល់គ្នាបានហៅគាត់ឱ្យទៅញ៉ាំស្រាបៀរអស់១កំប៉ុង រួចក៏ត្រឡប់មកផ្ទះវិញ ឃើញប្រពន្ធកំពុងដើរនៅតាមផ្លូវ ក៏ជិះម៉ូតូទៅជិតបម្រុងដឹកប្រពន្ធទៅធ្វើការនៅក្រុងតាខ្មៅ ដូចសព្វដង លុះពេលជិះម៉ូតូទៅដល់ ស្រាប់តែប្រពន្ធស្រែកសួរថា ទើបតែមកពីណា ទៅជួបស្រីស្នេហ៍មែនទេ? ថ្មើរនឹងហើយទើបតែមកដល់? គាត់ក៏បានប្រាប់វិញថា ទើបតែមកពីដឹកអីវ៉ាន់យកទៅឱ្យគេ ហើយមិត្តភក្តិហៅហូបស្រាបៀរ១កំប៉ុង ជជែកគ្នាលេង ទើបមកយឺតបន្តិច។

បុរសជាប្តីរូបនេះ បន្តថា ទោះជាគាត់និយាយប្រាប់ប្រពន្ធតាមត្រង់យ៉ាងណា ក៏នាងនៅតែមិនជឿសម្តីគាត់ជាប្តី និងថែមទាំងចោទប្រកាន់គាត់ថា មានស្រីដដែលជាដដែល រហូតធ្វើឱ្យគាត់មួម៉ៅក្តៅចិត្តពេក ក៏រំលឹកដល់រឿងប្រពន្ធធ្លាប់មានប្រុសស្នេហ៍ទាក់ទងគ្នាតាមទូរស័ព្ទ កាលពីពេលកន្លងមក រហូតធ្វើឱ្យកើតជារឿងឈ្លោះប្រកែកគ្នាពេញផ្លូវ ដោយប្រកែកយកឈ្នះតែរៀងៗខ្លួន។ លុះទ្រាំមិនបាន ពួកគាត់២នាក់ប្តីប្រពន្ធ ក៏បបួលគ្នាសថ្ប ហើយម្នាក់ៗហេតុតែចង់ឈ្នះចិត្តគ្នាផង ណាមួយចង់បញ្ជាក់ពីទំហំចិត្តស្មោះផង ទើបព្រមព្រៀងគ្នាទៅស្បថស្បែឱ្យដាច់ស្រឡះម្តងនៅមុខព្រះអង្គដងកើ។

បុរសជាប្តីខាងលើ បានបញ្ជាក់ថា ក្រោយពីនិយាយត្រូវរ៉ូវគ្នាហើយ គាត់ក៏បានជិះម៉ូតូ១គ្រឿង ម៉ាក ស៊ុយស៊ូគីស្មាស់ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1D-0059 ដឹកប្រពន្ធចេញពីម្តុំចាក់អង្រែ បំណងទៅស្បថនៅព្រះអង្គដងកើ មុខព្រះបរមរាជវាំង។ ស្រាប់តែពេលធ្វើដំណើរតាមផ្លូវ មកដល់កន្លែងកើតហេតុខាងលើ ក៏បានទាស់សម្តី តឹងសរសៃកដាក់គ្នាជាថ្មី រហូតដល់គាត់ទ្រាំមិនបាន ក៏ឈប់ម៉ូតូវាយប្រតាយប្រតប់គ្នាពេញផ្លូវ។ ចំណែកគាត់ជាប្តី ហេតុតែក្តៅចិត្តពេក ទប់កំហឹងមិនបាន ក៏ជ្រុលដៃវាយប្រពន្ធ១ដៃចំកណ្តាលថ្ងាស បណ្តាលឱ្យបែកឈាមស្រោចពេញមុខ និងបង្កការភ្ញាក់ផ្អើលពេញដងផ្លូវតែម្តង។

ក្រោយកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ និងបានអន្តរាគមន៍ ឃាត់បំបែក និងចាប់វាយខ្នោះបុរសជាប្តី និងនាំទាំងស្ត្រីជាប្រពន្ធយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីរងគ្រោះជា ប្រពន្ធបានរៀបរាប់ប្រាប់ថា ពួកគាត់ទាំង២នាក់ គឺជាប្តីប្រពន្ធនឹងគ្នាអស់រយៈពេល៥ឆ្នាំមកហើយ តែមិនបានរៀបការនោះទេ ហើយបុរសជាប្តី តែងតែវាយធ្វើបាបនាងបែបនេះរហូត ចំណែកនាងហេតុតែស្រឡាញ់ ក៏ចេះទ្រាំនៅជាមួយរហូតដល់សព្វថ្ងៃ លុះនៅវេលាយប់កើតហេតុ នាងអស់ការអត់ធ្មត់តស៊ូរស់នៅជាមួយប្តីហេងស៊យនេះទៀតហើយ ព្រោះគេហ៊ានលើកដៃវាយនាងជាប្រពន្ធនៅទីសាធារណៈបែបនេះ ធ្វើឱ្យនាងខ្មាសគេខ្លាំងណាស់ មានតែប្តឹងសមត្ថកិច្ចឱ្យជួយរកយុត្តិធម៌។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះជាប្រពន្ធរួចមក នគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានសម្រេចឃាត់ខ្លួនជនសង្ស័យជាប្តី ដើម្បីរៀបចំកសាងសុំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌចំការមន ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES