ខេត្តពោធិ៍សាត់ ៖ កាលពីវេលាម៉ោង១២ និង៤០ នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ មានឱកាសស្ងាត់ល្អ ក៏ធ្វើសកម្មភាពចាប់ចងដៃចងជើងក្មួយស្រី ប៉ុនប៉ងរំលោភសេពសន្ថវៈទាំងកំរោល តែត្រូវនារីរងគ្រោះប្រឹងរើបម្រះ និងស្រែកឆោឡោ ធ្វើឱ្យជនសង្ស័យភ័យតេ់គេចខ្លួន តែត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅចំណុចលើផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្តៀង។

ជនសង្ស័យល្មោភកាម មានឈ្មោះផន ពយ អាយុ៤០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ (ត្រូវជាឪពុកមាសាច់ថ្លៃរបស់នារីរងគ្រោះ)។ ចំណែកនារីរងគ្រោះ មានឈ្មោះហ.គ.ឡ អាយុ២៥ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមសម្តីរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ឪពុកម្តាយរបស់នាងមិននៅផ្ទះ រវល់ចេញទៅធ្វើ ការងារស្រែចម្ការអស់ ដោយទុករូបនាងឱ្យនៅចាំផ្ទះតែម្នាក់ឯង។ ពេលនោះក៏លេចមុខជនសង្ស័យឈ្មោះផន ពយ ត្រូវជាពូរបស់នាងបានដើរមកផ្ទះរបស់នាង។ លុះឃើញសភាពស្ងាត់ល្អ ស្រាប់តែជនសង្ស័យក៏បានចាប់នាង តែត្រូវនាងប្រឹងរើបម្រះខ្លាំងពេក ក៏យកខ្សែអង្រឹងនិងពោះវៀនកង់មកចងដៃជើង និងរឹតកររបស់នាង តែនាងប្រឹងរើទាល់តែរួច និងបានស្រែកឆោឡោឡើង ពេលនោះ ជនសង្ស័យប្រញាប់ចុះពីលើផ្ទះរបស់នាងតែម្តង។ ក្រោយពេលដែលឪពុកម្តាយរបស់នាង ត្រឡប់មកផ្ទះវិញ នាងក៏បានរៀបរាប់ពីរឿងរ៉ាវទាំងអស់ ហើយឪពុកម្តាយក៏នាំនាងទៅប្តឹងសមត្ថកិច្ច រហូតចាប់ខ្លួនជនសង្ស័យបានតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះផន ពយ បានឆ្លើយសារភាពថា កន្លងមក រូបគេនិងក្រុមគ្រួសាររបស់នារីរងគ្រោះ ធ្លាប់មានទំនាស់ពាក្យសម្តីនឹងគ្នា ចាប់តាំងពីពេលនោះមក ខ្លួនក៏មានគំនិតរមួយចង់ធ្វើបាបទៅលើក្រុមគ្រួសារជនរងគ្រោះ។ រហូតដល់ថ្ងៃកើតហេតុ ដោយសារតែឃើញនារីរងគ្រោះនៅចាំផ្ទះតែម្នាក់ឯង មានឱកាសស្ងាត់ល្អផង ទើបខ្លួនបាន ចូលទៅធ្វើសកម្មភាពប៉ងចាប់រំលោភបែបនេះទៅ។
ក្រោយពីស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យរួចសព្វគ្រប់ហើយ សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីចាត់ការតាមនិតិវិធី៕