តារាសក់សំពោង វី ជីវ័ន្ត និងតារាសម្តែង 2ដួងផ្សេងទៀត បានបង្ហាញឆន្ទៈក្នុងការរកស៊ីពុះដីឡូតិ៍លក់ តាមរយៈការបោះដៃពីបងធម៌ជំនិត ដោយរង់ចាំតែការពិភាក្សាបែងចែកពីអត្ថប្រយោជន៍នៃការបែងចែកផលចំណេញ ឱ្យគ្នាប៉ុណ្ណោះ។

វី ជីវ័ន្ត បានថ្លែងនៅក្នុងពិធីសម្ពោធដីឡូតិ៍លក់របស់ក្រុមហ៊ុនសេងហាន នៅម្តុំផ្លូវជាតិលេខ51 កាលពីព្រឹកថ្ងៃទី17 ខែមីនា ថា លោកមានចំណាប់អារម្មណ៍ចូលហ៊ុនពុះដីឡូតិ៍លក់ជាយូរមកហើយ ដោយសារតែមុខជំនួញនេះមានតារាជាច្រើនបានប្រឡូក និងជោគជ័យ ព្រោះពេលនេះ ទីផ្សារដីឡូតិ៍កំពុងមានសន្ទុះខ្លាំង។ ប៉ុន្តែកន្លងមកមិនទាន់រកដៃគូដែលគួរឱ្យជឿជាក់ឃើញ ទើបមិនទាន់អាច បើកដំណើរការបាន។ ប៉ុន្តែពេលនេះ លោកបានសម្លឹងឃើញដៃគូ គឺក្រុមហ៊ុនសេងហាន ពុះដីឡូតិ៍លក់ ទើបពេលនេះ លោកសម្រេចចិត្តចាប់ដៃ តែពេលនេះស្ថិតនៅក្នុងការសិក្សានៅឡើយ តែលោកអាចស្ថិតនៅក្នុងការចូលហ៊ុនតូចមួយជាមួយក្រុមហ៊ុន ព្រោះតែលោកពេញ ចិត្តចាប់ដៃក្នុងការធ្វើកិច្ចការនេះ។ ចំពោះមូលហេតុដែលលោកសម្រេចចិត្តចាប់ដៃជាមួយក្រុមហ៊ុនសេងហាន ព្រោះលោកយល់ថា ក្រុមហ៊ុននេះហ៊ានពុះដីឡូតិ៍លក់នៅម្តុំផ្លូវ51 ជាក្រុមហ៊ុនធំ និងមានបទពិសោធន៍ជោគជ័យលើមុខជំនួញនេះ។

ដោយឡែក តារាសម្តែង2រូបផ្សេងទៀត គឺលោកសេម ម៉ាក និងលោកកែវ មរកត ក៏បានបង្ហាញអារម្មណ៍រីករាយផងដែរ នៅពេលដែលតារាទាំង2បានសម្រេចចិត្តធ្វើជាអ្នកផ្សព្វផ្សាយឱ្យក្រុមហ៊ុនសេងហាន ព្រោះពួកគេយល់ថា ក្រុមហ៊ុននេះស្របច្បាប់ ហើយពុះដីឡូតិ៍លក់នៅម្តុំផ្លូវ51 ជាតំបន់ដែលមានសក្តានុពល និងការបង់រំលស់ក្នុងតម្លៃទាប។

លោកយ៉ន សេងហាន អគ្គនាយកក្រុមហ៊ុនសេងហាន ពុះដីឡូតិ៍ បានសារទរចំពោះជំហានថ្មីរបស់លោកវី ជីវ័ន្ត និងតារា2ដួងផ្សេងទៀត នៅក្នុងពិធីសម្ពោធគម្រោងថ្មី ទំហំ8ហិកតារ ស្ថិតនៅវត្តគល់តាឡឹក កាលពីថ្ងៃទី17 ខែមីនា។

លោកបញ្ជាក់ថា គម្រោងទី5 របស់ក្រុមហ៊ុនលោក ពិតជាត្រូវការចូលរួមពីតារាសិល្បៈ ព្រោះក្រុមហ៊ុនទទួលបានជោគជ័យ64គម្រោងមកហើយ។ ក្រុមហ៊ុននឹងមានគម្រោងចាប់ដៃជាមួយតារាជាច្រើនទៀត ដើម្បីផ្តល់ឱកាសដូចជាលោកវី ជីវ័ន្ត មានមុខជំនួញក្រៅពីអាជីពសិល្បៈនៅពេលនេះ៕
