Tuesday, September 23, 2025
Homeព័ត៌មានជាតិឆ្កែខាំមិត្តភក្តិ ថៅកែវ៉ៃសន្តិសុខ

ឆ្កែខាំមិត្តភក្តិ ថៅកែវ៉ៃសន្តិសុខ

ភ្នំពេញ ៖ ឆ្កែប៊ែកហ្ស៊េធំ១ក្បាល ត្រូវបានថៅកែរោងចក្រជាជនជាតិចិនម្នាក់ បានយកទៅចិញ្ចឹមក្នុងរោងចក្រ ហើយឆ្កែនោះស្គាល់តែម្ចាស់ប៉ុណ្ណោះ ក្រៅពីនេះ ព្រុសខាំទាំងអស់ លុះបុរសជាជនជាតិចិនម្នាក់ ត្រូវជាមិត្តភក្តិថៅកែរោងចក្រ បានចូលទៅលេង ស្រាប់តែត្រូវសត្វឆ្កែដ៏ធំ១ក្បាលនោះខាំ បណ្តាលឱ្យរបួសសុសខ្លួន ប៉ុន្តែសន្តិសុខមិនហ៊ានចូលទៅជួយឡើយ បែរជាធ្វើឱ្យថៅកែជនជាតិចិន ផ្ទុះកំហឹងចោទថា សន្តិសុខឃើញឆ្កែខាំមិត្តភក្តិខ្លួនមិនព្រមជួយ ក៏ស្ទុះទៅវ៉ៃប៉ោងមុខ៣នាក់។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៩ នៅចំណុចបរិវេណរោងចក្រកាត់ដេរសម្លៀកបំពាក់ អេក្រូ ហ្គាម៉ិន អាយ អិន ឌី ខប ត្រង់ចំណុចអគារ C ស្ថិតនៅក្នុងសួនឧស្សាហកម្មវឌ្ឍនៈ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

បុរសជាសន្តិសុខរោងចក្ររងគ្រោះទាំង ៣នាក់ ដែលត្រូវថៅកែចិនវាយ រួមមាន ទី១- ឈ្មោះនួន ដេត អាយុ៤០ឆ្នាំ មានមុខងារជាសន្តិសុខមេតំបន់ ស្នាក់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទី២-ឈ្មោះទូច រុំ អាយុ៣៣ឆ្នាំ មុខរបរជាសន្តិសុខ ស្នាក់នៅក្នុងរោងចក្រកើតហេតុ និងទី៣-ឈ្មោះ ហៀង រុង អាយុ១៩ឆ្នាំ មុខរបរជាសន្តិសុខ ស្នាក់ផ្ទះជួលជិតផ្សារកាណាស៊ីធី ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកថៅកែរោងចក្រ ដែលបង្កហិង្សាដាក់សន្តិសុខ មានឈ្មោះ Wang Guo Long ភេទប្រុស ជាជនជាតិចិន។

តាមសម្តីក្រុមសន្តិសុខរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ បុរសជនជាតិចិន ដែលជាថៅកែរោងចក្រខាងលើ បានយកឆ្កែប៊ែកហ្ស៊េធំមួយក្បាលទៅចិញ្ចឹមនៅក្នុងរោងចក្រ ហើយឆ្កែនោះកាចណាស់គួរឱ្យខ្លាច ព្រោះវារកតែខាំគេគ្រប់គ្នាទេ ឱ្យតែហ៊ានដើរទៅជិតវា។ ដោយឡែកនៅពេលកើតហេតុ មានបុរសជាជនជាតិចិនម្នាក់ ដែលត្រូវជាមិត្តភក្តិបានទៅលេងថៅកែរោងចក្រ លុះពេលបុរសជាមិត្តភក្តិនោះបានដើរទៅជិតឆ្កែ ក៏ត្រូវឆ្កែកាចនោះខាំ បណ្តាលឱ្យរងរបួសយ៉ាងដំណំ។

ប្រភពដដែលបន្តថា នៅពេលកើតហេតុនោះ ពួកខ្លួនដែលជាសន្តិសុខមិនហ៊ានចូលទៅជួយនោះទេ ព្រោះខ្លាចឆ្កែខាំ ហើយម្នាក់ៗបានត្រឹមតែស្រែកដេញបង្អើលពីចម្ងាយប៉ុណ្ណោះ ស្រាប់តែថៅកែចុះមកដល់ ខឹងដាច់ក្បាលដាច់កន្ទុយ ចោទថា ពួកគាត់ឃើញឆ្កែខាំមិត្តក្តិរបស់ខ្លួន ហើយមិនព្រមជួយ ក៏ស្ទុះមកដាល់ និងទាត់ធាក់ពួកគាត់ គ្មានត្រាប្រណីអ្វីសោះ ធ្វើឱ្យម្នាក់ៗប៉ោងមុខមាត់គ្រប់គ្នា។

ក្រោយកើតហេតុ ដោយសារតែកើតទុក្ខមិនសុខចិត្តជាមួយនឹងថៅកែកំណាច ប្រើអំពើហិង្សាដាក់កូនចៅគ្មានត្រាប្រណី ទើបធ្វើឱ្យជនរងគ្រោះជាសន្តិសុខទាំង៣នាក់ សម្រេចចិត្តនាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ១ ដើម្បីឱ្យជួយអន្តរាគមន៍ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩៕

RELATED ARTICLES