Tuesday, September 23, 2025
Homeព័ត៌មានជាតិឪកូនក្រមុំ អាម៉េកាំភ្លើងការពារចំណងដៃ រៀលកៃដាច់ដៃ

ឪកូនក្រមុំ អាម៉េកាំភ្លើងការពារចំណងដៃ រៀលកៃដាច់ដៃ

ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីនគរបាលម្នាក់ បានរៀបមង្គលការឱ្យកូនស្រី ដោយរៀបចំទទួលភ្ញៀវពិសាភោជនាហារ នៅឯវិមានពិភពថ្មី សែនសុខ លុះចប់ពិធី ក៏ទាញកាំភ្លើងខ្លីមកអាម៉េបញ្ចូលគ្រាប់ទុក បំណងការពារចំណងដៃកូន ស្រាប់តែអកុសល មិនដឹងជាយ៉ាងម៉េច បែរជារៀលកៃ ផ្ទុះ១គ្រាប់ ធ្វើឱ្យដាច់ចង្អុលដៃខ្លួនឯងម្ខាង រងរបួសធ្ងន់។

ហេតុការណ៍ឪពុកកូនក្រមុំដកកាំភ្លើង មកអាម៉េបញ្ចូលគ្រាប់ការពារចំណងដៃ បែរជាភ្លាត់ស្នៀតរៀលកៃផ្ទុះដាច់ម្រាមដៃខ្លួនឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅត្រង់ចំណុចវិមានពិភពថ្មីសែនសុខ អគារA ក្បែរផ្សារទំនើបអ៊ីអនទី២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បុរសរងគ្រោះមានឈ្មោះផង់ សុផល អាយុ៥០ឆ្នាំ ជាមន្ត្រីនគរបាលពាក់ស័ក្តិ៣ បម្រើការនៅផ្នែកចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ បុរសរងគ្រោះខាលើ ដែលជាមន្ត្រីនគរបាលផងនោះ បានរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ឱ្យកូនស្រី នៅត្រង់ចំណុចកើតហេតុ ដោយមានភ្ញៀវកិត្តិយសជាច្រើនកុះករមកចូលរួមពិសារអាហារ រាំរែក និងច្រៀងលេងកម្សាន្តយ៉ាងសប្បាយរីករាយ ហើយកម្មវិធីនេះក៏បានចប់ទៅដោយរលូន។ ចំណែកឯភ្ញៀវកិត្តិយស ក៏នាំគ្នាត្រលប់ទៅផ្ទះវិញរៀងៗខ្លួនបាត់អស់ទៅ។

ប្រភពដដែលបន្តថា ស្រាប់តែមកដល់វេលា ម៉ោងកើតហេតុខាងលើ ជនរងគ្រោះដែលជា ឪពុកកូនក្រមុំក៏ប្រមូលលុយចំណងដៃទាំងអស់ យកទៅទុកក្នុងរថយន្តដែលចតនៅខាងក្រោម អគារ A ត្រៀមដឹកយកត្រលប់ទៅផ្ទះវិញ។ ខណៈនោះ​ ស្រាប់តែមានលេចឮដំណឹងថា មានជនមិនស្គាល់មុខបានចូលមកក្នុងទីតាំងខាងលើ ធ្វើឱ្យជនរងគ្រោះជាមន្ត្រីនគរបាលរូបនោះ ភ័យខ្លាចត្រូវគេប្លន់ ឬអាចមានករណីផ្សេងកើតឡើងជាយថាហេតុ ក៏ដកកាំភ្លើងខ្លីរបស់ខ្លួន ១ដើម ម៉ាក K54 យកមកអាម៉េបញ្ចូលគ្រាប់ទុក ដើម្បីការពារខ្លួន និងលុយចំណងដៃរបស់កូនស្រី ស្រាប់តែភ្លាត់ស្នៀត បែរជារៀលកៃកាំភ្លើង បណ្តាលឱ្យផ្ទុះចំម្រាមចង្អុលដៃខាងឆ្វេងរបស់ជនរងគ្រោះ ធ្វើឱ្យដាច់ពាក់កណ្តាល រងរបួសធ្ងន់តែម្តង។ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯគ្លីនិកឯកជន។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ និងចុះទៅធ្វើការសាកសួរជនរងគ្រោះជាមន្ត្រីនគរបាលខាងលើដល់គ្លីនិក ដែលកំពុងសម្រាកព្យាបាលផងដែរ ដើម្បីធ្វើកំណត់ហេតុបញ្ចូនទៅថ្នាក់លើ៕

RELATED ARTICLES