ភ្នំពេញ ៖ បុរស២នាក់ ទើបនឹងចេញពីផឹកស៊ី ស្ថិតក្នុងសភាពស្រវឹងធ្លាក់ភ្នែកដូចគ្នា បានជិះម៉ូតូក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលបុកគ្នាយ៉ាងពេញទំហឹង នៅត្រង់ចំណុចផ្លូវកែង បណ្តាលឱ្យរងរបួសដូចគ្នា បន្ទាប់មកក៏កើតមានការជជែកវែកញែកយកត្រូវរៀងខ្លួន លុះដោយសារតែស្រវឹងជោកជាំផង ទើបនិយាយគ្នាមិនត្រូវ ធ្វើឱ្យកើតជាជម្លោះឈានដល់អំពើហិង្សាវាយគ្នាទៅវិញទៅមក បណ្តាលឱ្យបែកក្បាលដូចគ្នា និងត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ នាំភាគីទាំងសងខាងទៅដោះស្រាយនៅប៉ុស្តិ៍នគរបាល។

ករណីគ្រោះថ្នាក់ចរាចរណ៍ក្លាយជាអំពើហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១និង២០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខស្ថានីយប្រេងឥន្ធនៈ លីម ឡុង តាមបណ្តោយផ្លូវសម្តេច ជា ស៊ីម កែងនឹងផ្លូវ២០១១ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយស៊ូគីលែត ពណ៌ស ពាក់ស្លាកលេខព្រៃវែង 1M-9718 និងមានបក្ខពួក៣នាក់ទៀត ជិះម៉ូតូ២គ្រឿង មិនចាំម៉ាក ដោយពួកគេទើបតែចេញមកពីកម្មវិធីខួបកំណើតមិត្តភក្តិ នៅម្តុំវត្តសំរោងអណ្តែត បំណងជិះត្រឡប់ទៅផ្ទះវិញ នៅក្បែរកន្លែងកើតហេតុ ដោយធ្វើដំណើរពីត្បូងទៅជើង ក្នុងស្ថានភាពស្រវឹង តាមបណ្តោយផ្លូវ២០១១។ បន្ទាប់មកម៉ូតូខាងលើ ក៏បានបើកឆ្លងកាត់ផ្លូវសម្តេច ជា ស៊ីម ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GH-8518 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងដូចគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវសម្តេចជា ស៊ីម ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងបម្រុងឆ្ពោះទៅផ្លូវ២០១១ មិនប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូលែត ចំពាក់កណ្តាលពេញទំហឹង បណ្តាលឱ្យម៉ូតូលែត រងការខូចខាតបន្តិចបន្តួច រីឯអ្នកបើកបររងរបួសស្រាល ចំណែកឯម៉ូតូឌ្រីមរងការខូចខាតបូមខាងមុខ។

ប្រភពដដែលបន្តថា ភាគីទាំង២ បានជជែកវែកញែករកខុសរកត្រូវរៀងៗខ្លួន យ៉ាងតឹងសរសៃកដាក់គ្នា ទៅវិញទៅមក រហូតកើតមានជម្លោះឈានដល់ប្រើហិង្សាដាក់គ្នា បណ្តាលឱ្យបែកក្បាលដូចគ្នា។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាង ត្រូវបានសមត្ថកិច្ចធ្វើការនាំខ្លួនយកទៅសាកសួរនាំ នៅឯអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំធ្វើដោះស្រាយគ្នាទៅផ្លូវច្បាប់ពេលក្រោយ៕





