Tuesday, September 23, 2025
Homeព័ត៌មានជាតិរន្ធត់ចិត្ត!!! ខ្វះការប្រុងប្រយ័ត្នដូចគ្នា ផ្តាច់ជីវិត១គ្រួសារ ៣នាក់

រន្ធត់ចិត្ត!!! ខ្វះការប្រុងប្រយ័ត្នដូចគ្នា ផ្តាច់ជីវិត១គ្រួសារ ៣នាក់

ខេត្តកំពង់ឆ្នាំង ៖ គួរឱ្យអាសូរ ប្តីប្រពន្ធ២នាក់ រួមទាំងកូនតូចទើបអាយុ១ឆ្នាំម្នាក់ កំពុងជិះម៉ូតូដឹកគ្នានៅលើដងផ្លូវសុខៗ ក៏ស្រាប់តែត្រូវរថយន្តដឹកដីធុនធំ ១គ្រឿង បើកក្នុងល្បឿនយ៉ាងលឿន ជ្រុលមកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់ទាំង៣នាក់ ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើកបររថយន្តបង្ក បានព្យាយាមបន្ថែមល្បឿនគេចយករថយន្តទៅលាក់ទុកនៅរណ្តៅដី១កន្លែង បន្ទាប់មកក៏ចុះរត់គេចបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩  នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៤៩-៥០ ស្ថិតក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច។ 

ជនរងគ្រោះទាំង៣នាក់ខាងលើ ដែលត្រូវរថយន្តបុកស្លាប់គួរឱ្យសង្វេគនៅលើទ្រូងផ្លូវ រួមមាន ទី១-បុរសជាប្តីមានឈ្មោះប៉ុក សារឿន អាយុ២៧ឆ្នាំ មានលំនៅក្នុងភូមិសុបិន្ត ឃុំពានី ស្រុកកំពង់ត្រឡាច។ ទី២-ស្ត្រីជាប្រពន្ធ មានឈ្មោះច្រិក សម្ផស្ស អាយុ២៥ឆ្នាំ មានលំនៅភូមិអំពិលទឹក ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច និងទី៣-កូនប្រុសអាយុទើបតែ១ឆ្នាំ បានស្លាប់ជាមួយឪពុកម្តាយដែរនោះមានឈ្មោះស៊ឹម សុចាន់។ ដោយឡែក រថយន្តបង្កជាប្រភេទរថយន្តធុនធំ ម៉ាកនីស្សាន់ ពណ៌ក្រហមឆ្នូតពណ៌ទឹកប្រាក់ ពាក់ស្លាកលេខក្រចេះ 3A- 0365 បើកបរដោយបុរសឈ្មោះយឿន សុភា អាយុ២៦ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ក្រោយកើតហេតុបានរត់គេចខ្លួនបាត់។

លោកនន ស៊ីណាត  អធិការនគរបាលស្រុកកំពង់ត្រឡាច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ប្តីប្រពន្ឋនិងកូន បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខកំពង់ឆ្នាំង 1H-0743 ដោយបុរសជាប្តីជាអ្នកបើកក្នុងដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តធុនធំ ម៉ាកនីហ្សាន់ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានបត់ទៅទិសខាងលិច បណ្តាលឱ្យបុកគ្នាជាមួយម៉ូតូជនរងគ្រោះ ចូលកង់ក្រោយ ស្លាប់បាត់បង់ជីវិតទាំងគ្រួសារ (៣នាក់) តែម្តង។ 

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្ក ឈ្មោះយឿន សុភា បានព្យាយាមបើករត់គេចចូលទៅលាក់ទុកនៅការដ្ឋានរណ្តៅដី ហើយក៏គេចខ្លួនបាត់។ យ៉ាងនេះក្តី សមត្ថកិច្ចក៏បានតាមរករថយន្តនោះឃើញ និងបាននាំមករក្សាទុក ដើម្បីកសាងសំណុំរឿងទៅកាន់តុលាការ តាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះទាំង៣នាក់ ឪពុកម្តាយនិងកូនតូច ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ 

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ត្រូវបានសមត្ថកិច្ចឱ្យដឹងថា បណ្តាលមកពីអ្នកបើកបររថយន្ត និងម៉ូតូខ្វះការប្រុងប្រយ័ត្នទាំងសងខាង ព្រោះកន្លែងកើតហេតុ ជាការដ្ឋានកំពុងធ្វើផ្លូវ មានស្លាកសញ្ញាជាសំគាល់ ឱ្យប្រុងប្រយ័ត្ន និងបន្ថយល្បឿន៕

RELATED ARTICLES