Tuesday, September 23, 2025
Homeព័ត៌មានជាតិមនុស្សយើងដល់ថ្នាក់នេះ??? សុំទឹកលាងដៃសោះ ចោទថាចោរ ព្រួតវ៉ៃទ្រមខ្លួន

មនុស្សយើងដល់ថ្នាក់នេះ??? សុំទឹកលាងដៃសោះ ចោទថាចោរ ព្រួតវ៉ៃទ្រមខ្លួន

ភ្នំពេញ ៖ បុរសម្នាក់បានចាញ់បោកមេខ្យល់ ទៅធ្វើការចុះទូកនេសាទនៅប្រទេសថៃ ច្រើនខែ តែគ្មានបានលុយ១រៀល លុះពេលរួចខ្លួន ត្រឡប់មកដល់ភ្នំពេញ គ្មានលុយជាប់ខ្លួន ក៏សម្រេចចិត្តដើរសុំទានគេ គ្រាន់បណ្តោះពេល លុះខានងូតទឹកច្រើនថ្ងៃស្អុយខ្លួនពេក ក៏ចូលក្នុងការដ្ឋានសំណង់១កន្លែង សុំគេងូតទឹក តែត្រូវគេដេញចេញ លុះយប់ឡើង ត្រឡប់មកម្តងទៀត បំណងសុំត្រឹមលាងដៃ ស្រាប់តែគេមើលឃើញរូបរាងអាវ មិនអាវខោមិនខោ ក៏ចោទថាចោរ រួចព្រួតគ្នាវាយបណ្តាលឱ្យរងរបួសទ្រមខ្លួន។

ហេតុការណ៍នេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចលេខ៧៧ ផ្លូវ៨៣០ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនអនាថាដែលត្រូវគេចោទថាជាចោរ រួចព្រួតវាយខាងលើនេះ មានឈ្មោះសុខ ផាតប៊ុនសា អាយុ៣០ឆ្នាំ មុខរបរនិងស្នាក់នៅមិន ពិតប្រាកដ។

តាមសម្តីបុរសរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា រូបគេទើបតែមកពីស្រុកថៃ ដោយធ្វើការនេសាទ ហើយត្រឡប់មកវិញគ្មានលុយ១រៀលទេ ហើយមិនបានងូតទឹកច្រើនថ្ងៃ ខ្លួនធុំក្លិនឡើងស្អុយ ក៏សម្រេចចិត្តដើរសុំទានគេ និងដើរសុំគេធ្វើការ រហូតមកដល់ការដ្ឋានសំណង់កើតហេតុខាងលើ ក៏បានសុំគេចូលធ្វើការដែរ តែគេមិនព្រមទទួល រួចដេញគាត់ចេញ លុះយប់កើតហេតុគាត់មិនដឹងទៅណា ក៏ត្រឡប់មកវិញម្តងទៀត ដើម្បីសុំទឹកគេនៅការដ្ឋាននោះងូតសម្អាតខ្លួន តែមិនទាន់បានសុំផង គ្រាន់តែឈរនៅមុខនោះ ក៏ត្រូវក្រុមអ្នកធ្វើការនៅក្នុងការដ្ឋាន ហៅគាត់ឱ្យឈប់ និងសុំឆែកខ្លួន ដោយចោទគាត់ថា ជាចោរ និងបាននាំគ្នាព្រួតវាយគាត់ម្តង។

តាមប្រភពពីខាងកម្មករសំណង់វិញ ប្រាប់ឱ្យដឹងថា មូលហេតុដែលរូបគាត់ចោទថា បុរសខាងលើជាចោរនោះ គឺដោយសារតែឃើញរូបរាងគួរឱ្យសង្ស័យ ហើយកន្លងមកកន្លែងគាត់ធ្លាប់បាត់របស់របរច្រើន ទើបសង្ស័យបុរសនោះតែម្តង ព្រោះពីព្រឹកគាត់បានដេញចេញទៅម្តងហើយ យប់ក៏ត្រឡប់មកវិញទៀត ទើបពួកគាត់គិតថា បុរសនោះជាចោរ បានឃាត់ខ្លួន ហើយជ្រុលដៃវាយម្នាក់មួយដៃមួយជើងទៅ។

ក្រោយកើតហេតុ បុរសអនាថាខាងលើ ត្រូវបានឃាត់ខ្លួនទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បន្ទាប់ពីរកមិនឃើញពីទោសកំហុស ព្រោះបុរសនោះមិនបានចូលទៅក្នុងការដ្ឋាននោះទេ ហើយគ្មានអ្នកណាមកប្តឹងទៀត ទើបសមត្ថកិច្ចមូលដ្ឋានធ្វើការអប់រំបុរសអនាថានោះ តាមនីតិវិធីឱ្យត្រឡប់វិញទៅ៕

RELATED ARTICLES