ខេត្តស្វាយរៀង ៖ ករណីប្រពន្ធប្រចណ្ឌប្តី ចោទថាប្តីលួចលាក់មានស្រីថ្មី ទោះជាប្តីព្យាយាមពន្យល់ប្រាប់យ៉ាងណា ក៏មិនព្រមស្តាប់ ក៏គិតខ្លីផឹកថ្នាំពុលសម្លាប់ខ្លួននេះ ហើយត្រូវ លុះក្រុមគ្រួសារដឹង ប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះដែរ តែអកុសល ដល់ពាក់កណ្តាលផ្លូវ ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអធ័ម បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង១១ និង៤៥នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិភ្នំស្រូវ ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍។
ស្ត្រីគិតខ្លី ដែលផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួន មានឈ្មោះគង់ ស៊ីធឿន អាយុ៣៤ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមកស្ត្រីរងគ្រោះ និងប្តី ត្រូវបានគេមើលឃើញថា ស្រលាញ់គ្នាផ្អែមល្ហែមខ្លាំងណាស់ ចាក់ទឹកមិនលិចទេ និងត្រូវបានអ្នកស្រុកលួចសរសើរគ្រប់គ្នាថា ពិតជាប្តីប្រពន្ធដែលមានសុភមង្គលណាស់។ ប៉ុន្តែនៅរយៈពេលចុងក្រោយនេះ ស្រាប់តែគ្រួសារខាងលើ បែរជាជួបរឿងរកាំរកូស ខ្វះភាពកក់ក្តៅទៅវិញ ដោយសារតែ ស្ត្រីជាប្រពន្ធចេះមានចិត្តប្រចណ្ឌប្តីខ្លាំងពេក។ លុះនៅមុនពេលកើតហេតុ នៅវេលាប្រហែលម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ស្រាប់តែឮសូរសំឡេងស្ត្រីជាប្រពន្ធក្អួតចង្អោរ ទើបបុរសជាប្តីបានស្ទុះចូលទៅមើល ទើបដឹងថា ប្រពន្ធរបស់ខ្លួនបានផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួន ទើបស្រែកឆោឡោហៅក្រុមគ្រួសារ និងអ្នកភូមិនាំគ្នាជួយសង្គ្រោះ ដឹកមកកាន់មណ្ឌលសុខភាពប្រសូត្រ ប៉ុន្តែដោយអាការៈធ្ងន់ធ្ងរខ្លាំងពេក ក៏បម្រុងបញ្ជូនបន្តទៅប្រទេសវៀតណាម តែជាអកុសលបានស្លាប់នៅតាមផ្លូវ។
បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕