Wednesday, September 24, 2025
Homeព័ត៌មានជាតិស្ទុះទៅពន្លត់ភ្លើងឆេះព្រៃ ផ្ទុះក្បាលគ្រាប់របួសធ្ងន់

ស្ទុះទៅពន្លត់ភ្លើងឆេះព្រៃ ផ្ទុះក្បាលគ្រាប់របួសធ្ងន់

ខេត្តក្រចេះ ៖ បុរសជនជាតិខ្មែរអ៊ិស្លាមម្នាក់ ឃើញភ្លើងឆេះព្រៃចម្ការ ក៏ស្ទុះរត់ទៅពន្លត់ ស្រាប់តែអកុសល ផ្ទុះក្បាលគ្រាប់លាន់កក្រើកដី និងបណ្តាលឱ្យជនរងគ្រោះត្រូវអំបែងជះចំរងរបួសសុសពេញខ្លួន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្បែរនឹងព្រះវិហារឥស្លាម ស្ថិតក្នុងឃុំគ្រញូងសែនជ័យ ស្រុកស្នួល។

បុរសរងគ្រោះជាម្ចាស់ចម្ការ មានឈ្មោះសុខ កំរី ជនជាតិខ្មែរឥស្លាម អាយុ៤៨ឆ្នាំ មុខរបរធ្វើចម្ការ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ និងនគរបាលចាត់បញ្ជូនមកសង្គ្រោះនៅនឹងមន្ទីរពេទ្យស្រុកស្នួល បន្ទាប់ពីបានរងរបួសធ្ងន់ពេញរាងកាយ ដោយសារអំបែងគ្រាប់ធ្ងន់ធ្ងរ។

សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីប្រភេទគ្រាប់ផ្ទុះមួយគ្រាប់នេះថា ជាប្រភេទអ្វីនោះទេ។ ដោយសារតែគ្រាប់១គ្រាប់នោះ បានផ្ទុះសុស រកមិនឃើញបំណែកគ្រាប់។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅថ្ងៃកើតហេតុ គឺមានភ្លើងឆេះព្រៃចម្ការ ហើយជនរងគ្រោះជាម្ចាស់ចម្ការ បានដើរទៅមើលក្នុងគោលបំណងពន្លត់ភ្លើងព្រៃ។ តែនៅពេលទៅដល់ បែរជាគ្រាប់ដែលកប់ក្នុងដី និងត្រូវភ្លើងឆេះនោះ បានផ្ទុះឡើងលាន់កក្រើកដី បណ្តាលឱ្យត្រូវចំលើរាងកាយជនរងគ្រោះ ដួលសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុក្បែរភ្នក់ភ្លើងនោះ និងត្រូវបានគេប្រទះឃើញជួយដឹកបញ្ជូនទៅសង្គ្រោះទាន់ពេល។

ករណីផ្ទុះគ្រាប់យុទ្ឋភ័ណមិនទាន់ផ្ទុះ ត្រូវគេមើលឃើញថាបានកើតមានជាញឹកញាប់ នាពេលថ្មីៗនេះ និងបង្កឱ្យពលរដ្ឋនៅស្រុកស្នួល ជាច្រើននាក់ ខ្លះស្លាប់ ខ្លះរងពិការភាព ដោយសារតែរងការផ្ទុះ ខណៈដែលស្រុកនៅតំបន់ប៉ែកឥសាន្តមួយនេះ ជាទីតាំងប្រយុទ្ធសង្គ្រាមកាលសម័យរបបខ្មែរក្រហម។ ហើយរហូតមកទល់នឹងសព្វថ្ងៃនេះ ការផ្ទុះគ្រាប់យុទ្ធភ័ណ គឺនៅតែគំរាមកំហែងអាយុជីវិតពលរដ្ឋនៅស្រុកស្នួល ជាហូរហែរ ទោះបីជាមានការរុករកពីក្រុមមន្ត្រីជំនាញ តែការរុករកក៏នៅមិនទាន់អស់នៅឡើយ៕

RELATED ARTICLES