Wednesday, September 24, 2025
Homeព័ត៌មានជាតិគ្រាន់តែរកប៉ះប៉ុណ្ណោះ... ស្លាប់ម្នាក់ភ្លាមៗ

គ្រាន់តែរកប៉ះប៉ុណ្ណោះ… ស្លាប់ម្នាក់ភ្លាមៗ

ខេត្តតាកែវ ៖ ក្មេងទំនើង១ក្រុម មានគ្នា៨នាក់ ជិះម៉ូតូជាច្រើនគ្រឿងដើរលេងសុខៗ ស្រាប់តែមានយុវជន២នាក់ផ្សេងទៀត បានជិះម៉ូតូ មកប៉ះដៃចង្កូតបន្តិចបន្តួច ប៉ុន្តែមិនបណ្តាលឱ្យដួល ឬរងរបួសអ្វីទាំងអស់ ស្រាប់តែក្រុមក្មេងទំនើងបែរជាផ្ទុះកំហឹង ព្រួតដេញតាមវាយទៅលើយុវជនម្នាក់ រហូតដល់ស្លាប់ រួចក៏នាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។

ករណីអំពើហិង្សា ព្រួតវាយសម្លាប់យុវជនម្នាក់ បណ្តាលឱ្យស្លាប់ គ្រាន់តែរឿងជិះម៉ូតូទាក់ដៃចង្កូតម៉ូតូគ្នានេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០០-១០១ ស្ថិតក្នុងភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយកើតមានករណីឃាតកម្មខាងលើ នៅវេលាម៉ោង៣រសៀលថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកទ្រាំង រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មោង បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៨នាក់ ពាក់ព័ន្ធករណីឃាតកម្ម កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១៩។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉ុន មុំ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង និងដកហូតបានម៉ូតូ២គ្រឿង ព្រមទាំងដែកបំពង់ទីប២កំណាត់ ដែលជនសង្ស័យប្រើប្រាស់ក្នុងពេលធ្វើសកម្មភាព។ ចំណែកឯបក្ខពួកចំនួន៧នាក់ទៀត បានរត់គេចខ្លួនបាត់។ ដោយឡែកជនរងគ្រោះចំនួន២នាក់ រួមមាន ទី១-ឈ្មោះថន សុខថៃ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិចំបក់ ឃុំព្រៃខ្លា ស្រុកកោះអណ្តែត (ស្លាប់នៅកន្លែងកើតហេតុ) និងទី២-ឈ្មោះកិល សំណាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (គ្មានរបួស)។

តាមចម្លើយសារភាពរបស់ជនសង្ស័យ មូលហេតុដែលនាំឱ្យកើតមានករណីនេះ គឺដោយសារក្រុមរបស់ខ្លួន ខឹងជនរងគ្រោះជិះម៉ូតូរកប៉ះក្រុមខ្លួន ទើបជិះម៉ូតូដេញវាយតែម្តង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី និងបន្តការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាស្វែងរកចាប់បក្ខពួក ដែលរត់គេចខ្លួន៕

RELATED ARTICLES