Wednesday, September 24, 2025
Homeព័ត៌មានជាតិកូនកំលោះស្រវឹង វ៉ៃភ្ញៀវកូនក្រមុំរយះក្បាល ឪពុកគំរាមវាយខ្នោះទៀត

កូនកំលោះស្រវឹង វ៉ៃភ្ញៀវកូនក្រមុំរយះក្បាល ឪពុកគំរាមវាយខ្នោះទៀត

ខេត្តកែប ៖ ពិធីមង្គលការមួយកំពុងប្រព្រឹត្តទៅយ៉ាងសប្បាយក្អាកក្អាយ ដោយមានការហូបចុក ផឹកស៊ី និងរាំលេងកម្សាន្តផងនោះ ក៏ស្រាប់តែកើតមានភាពចលាចល ដោយមានជនមិនស្គាល់មុខម្នាក់ បានគប់កែវចូលវង់រាំ ស្រាប់តែសាមីខ្លួនកូនកំលោះដែលកំពុងស្រវឹងធ្លាក់ភ្នែក យល់ច្រឡំថា បុរសម្នាក់ដែលជាភ្ញៀវខាងកូនក្រមុំជាអ្នកគប់ ក៏ហៅបក្ខពួកព្រួតវាយទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ និងថែមទាំងបានដាក់ពាក្យបណ្តឹងទៅលើជនរងគ្រោះថែមទៀតផង។

ហេតុការណ៍អំពើហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិទួលស្រងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ។

ជនរងគ្រោះដែលអះអាងថា ត្រូវកូនកំលោះវាយបណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះ សុខ ភក្តី មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនបង្ក ត្រូវគេដឹងថា ជាកូនកំលោះ មានឈ្មោះលី មួយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅ ក្នុងមូលដ្ឋានខាងលើ មានអ្នកភូមិម្នាក់បានរៀបចំពិធីមង្គលការកូនស្រីឈ្មោះសុខ យី ជាមួយនឹងកូនកំលោះឈ្មោះលី មួយ ដោយពិធីមង្គលការខាងលើ បានដំណើរការដោយរលូន និងតាមលំដាប់លំដោយ តាំងពីព្រឹករហូតដល់យប់ ដែលឈានចូលដល់ពិធីពិសាភោជនាហារ ព្រមទាំងមានការរាំលេងកម្សាន្តផងដែរ។ ខណៈពេលដែលភ្ញៀវខាងប្រុស និងភ្ញៀវខាងស្រី ទទួលទានអាហារ និងរាំសប្បាយបានមួយសន្ទុះ ក៏មានអំពើហិង្សាមួយបានកើតឡើង និងបណ្តាលឱ្យជនរងគ្រោះ ឈ្មោះសុខ ភក្តី ដែលជាភ្ញៀវខាងកូនក្រមុំ បានទទួលរងរបួសធ្ងន់ បច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប ដោយត្រូវគ្រូពេទ្យដេរ អស់ចំនួន១២ថ្នេរ។

តាមសម្តីឪពុករបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ប្តីប្រពន្ធពួកគាត់ ព្រមទាំងកូន ដែលត្រូវជាអ្នកជិតខាង និងត្រូវជាសាច់ញាតិបងប្អូនខាងស្រីផងនោះ បានមកចូលរួមពិធីមង្គលការ ក្នុងនាមជាភ្ញៀវ និងបានរាំរែកលេងសប្បាយ រហូតដល់ម៉ោង៩យប់ ខណៈដែលកូនប្រុសរបស់គាត់ ឈ្មោះសុខ ភក្តី កំពុងតែរាំក្នុងវង់ ដូចតែភ្ញៀវដទៃទៀតដែរ ស្រាប់តែមានជនមិនស្គាល់មុខ បានគប់កែវចូលវង់រាំ បែរជាធ្វើឱ្យកូនកំលោះ និងសាច់ញាតិកូនកំលោះ មានការយល់ច្រលំស្មានថា កែវនោះ កូនគាត់ (សុខ ភក្តី) ជាអ្នកគប់ ក៏បានព្រួតវាយ រហូតដល់កូនប្រុសគាត់រងរបួសធ្ងន់តែម្តង។

ប្រភពដដែលបន្តថា ក្រោយពីវាយ និងគប់កែវទៅលើកូនគាត់ហើយនោះ ជនសង្ស័យ និងបក្ខពួក បានដើរទៅរោងផ្កាស្លាខាងក្រោយ ហើយបានអួតប្រាប់គេឯងថា សប្បាយវ៉ៃណាស់ វ៉ៃទាល់តែឈឺដៃ មិនតែប៉ុណ្ណោះ ឪពុកកូនកំលោះបានគំរាមវាយខ្នោះកូនគាត់ទាំងខ្លួនមិនមែនជាសមត្ថកិច្ចអនុវត្តច្បាប់ទៀតផង និងបានអួតក្តែងៗថា ក្នុងខេត្តកែប អ្នកធំណាក៏លោកស្គាល់ដែរ។

ប្រភពពីឪពុកម្តាយជនរងគ្រោះ បន្តទៀតថា លុះដល់ព្រឹកឡើងឈានដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ស្រាប់តែឈ្មោះលី មួយ ត្រូវជាកូនកំលោះ បានទៅដាក់ពាក្យប្តឹងនៅអធិការដ្ឋាននគរបាលស្រុកដំណាកចង្អើរ ប្តឹងកូនគាត់ថែមទៀត។ ជាហេតុធ្វើឱ្យក្រុមគ្រួសារពួកគាត់កើតទុក្ខមិនសុខចិត្ត ក៏សំណូមពរទៅដល់សមត្ថកិច្ចស្រុកដំណាក់ចង្អើរ ខេត្តកែប សូមឱ្យលោកចុះពិនិត្យរឿងនេះផ្ទាល់ ដើម្បីឱ្យមានភាពយុត្តិធម៌ និងស្មើភាពគ្នា។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនកូនកំលោះ ឈ្មោះលី មួយ បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES