ខេត្តរតនៈគិរី ៖ ហេតុការណ៍ដ៏រន្ធត់មួយ ដោយសារបុរសម្នាក់បានច្នៃគ្រាប់បោកត្រី បែរជាផ្ទុះរបួសខ្លួនឯង ធ្វើឱ្យរងរបួសបែកគ្រាប់ភ្នែកម្ខាង និងដាច់ប្រអប់ ដៃម្ខាង រងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចដងទន្លេសេសាន ស្ថិតក្នុងភូមិប៉ាតាង ឃុំសេសាន ស្រុកអូរយ៉ាដាវ។

ជនរងគ្រោះ មានឈ្មោះរម៉ាស ធាន់ អាយុ២៥ឆ្នាំ ជនជាតិច្រាយ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ រងរបួសធ្ងន់ បែកភ្នែកខាងស្តាំ ដាច់ប្រអប់ដៃខាងស្តាំ និងត្រង់ភ្លៅខាងឆ្វេង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ បានទិញផាវគ្រាប់បែកចំនួន១ប្រអប់ យកមកធ្វើការកែច្នៃ ដោយដាក់ក្នុងកំប៉ុងជ័រ ដើម្បីយកទៅបោកយកត្រី។ លុះក្រោយពីធ្វើការកែច្នៃគ្រាប់នោះរួចរាល់ហើយ ជនរងគ្រោះបានកាន់គ្រាប់ច្នៃនោះ រួចក៏ដុត បម្រុងបោកចូលទឹក ស្រាប់តែភ្លាមនោះ គ្រាប់បានផ្ទុះឡើង ធ្វើឱ្យជនរងគ្រោះរងរបួសបែកគ្រាប់ភ្នែកខាងស្តាំ និងដាច់ដៃខាងស្តាំ ព្រមទាំងរងរបួសត្រង់ភ្លៅខាងឆ្វេងទៀតផង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុ និងបានសហការជាមួយក្រុមគ្រួសារ ដឹកបញ្ជូនជនរងគ្រោះទៅកាន់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ដើម្បីសង្គ្រោះជីវិត៕