ភ្នំពេញ ៖ បុរសម្នាក់ ទំនងជាទើបនឹងចេញមកពីផឹកស្រវឹងនៅឯណាមិនដឹង ក៏ជិះម៉ូតូតាមផ្លូវ លុះស្រវឹងខ្លាំងពេក បែរជាចងកំហឹងជាមួយមេឃ ក៏ដកកាំភ្លើងបាញ់មេឃ២គ្រាប់ រួចបន្ថែមល្បឿនម៉ូតូគេចខ្លួនបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ ចំណែកសមត្ថកិច្ចមូលដ្ឋានបានត្រឹមចុះមករើសសំបកកាទុស្សទៅរក្សាទុកប៉ុណ្ណោះ។

ហេតុការណ៍បុរសស្រវឹងចងកំហឹងជាមួយមេឃ ដកកាំភ្លើងបាញ់២គ្រាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្លូវ២៧៦ កែងនឹងផ្លូវ១៤៣ ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន។

បុរសជាខ្មាន់កាំភ្លើងខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជិះម៉ូតូ១គ្រឿង មិនចាំម៉ាក និងមានកាំភ្លើងខ្លីសៀតចង្កេះទៀតផង។

តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់មិនស្គាល់ភិនភាគច្បាស់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ធ្វើដំណើតាមបណ្តោយផ្លូវ២៧៦ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ មិនដឹងជាមានរឿងអ្វីនោះទេ ក៏បានដកកាំភ្លើងខ្លីមួយដើម មិនស្គាល់ម៉ាក បាញ់ឡើងលើ២គ្រាប់ រួចជិះម៉ូតូគេច្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ដោយធ្វើឱ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុយ៉ាងខ្លាំង។

ក្រោយកើតហតុ សមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ និងបានរកឃើញសំបកគ្រាប់ រួចក៏រើសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល សង្កាត់អូឡាំពិក ដើម្បីទុកធ្វើការស្រាវជ្រាវរកមុខជនបាញ់បោះសេរី យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
