ខេត្តកំពង់ឆ្នាំង ៖ កាលពីវេលាម៉ោង២ និង២៨នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ បុរសជាអ្នកឡើងត្នោតម្នាក់ បានឡើងដើមត្នោត ដើម្បីយកទឹកមកលក់ និងរំងាស់ធ្វើស្ករលក់ គ្រាន់បានប្រាក់ដោះស្រាយជីវភាព ដែលកំពុងតែទីទ័លក្រ ស្រាប់តែអកុសល ទំនងជាកើតមានអាការវិលមុខ ទើបបណ្តាលឱ្យរបូតដៃធ្លាក់ពីលើចុងត្នោតស្លាប់ ដោយគ្មានអ្នកណាម្នាក់បានដឹងទាល់តែសោះ រហូតដល់មានក្មេងឃ្វាលគោ ដើរកាត់ប្រទះឃើញ ទើបកើតមានការផ្អើលឆោឡោឡើង នៅចំណុចក្បែរដើមត្នោត១ដើម នៅខាងកើតសាលាបឋមសិក្សាវត្តភ្នំ ស្ថិតក្នុងឃុំត្រងិល ស្រុកកំពង់លែង។

បុរសរងគ្រោះមានឈ្មោះសេក សាវ៉ាត ហៅឆក អាយុ៤៣ឆ្នាំ មុខរបរធ្វើស្រែចម្ការនិងឡើងត្នោត មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះក្រៅពីប្រកបរបរធ្វើស្រែចម្ការ បានឆ្លៀតឡើងត្នោត យកទឹកមកលក់ផង យករំងាស់ធ្វើស្ករសម្រាប់លក់ផង គ្រាន់បានប្រាក់កម្រៃ ដោះស្រាយជីវភាពប្រចាំថ្ងៃ។ នៅមុនពេលកើតហេតុ ក្រោយពីហូបបាយថ្ងៃត្រង់រួច ជនរងគ្រោះបានដើរចេញពីផ្ទះ ទៅឡើងត្នោតដូចសព្វដង តែមិនដឹងជាយ៉ាងមិចទើបបុរសរងគ្រោះធ្លាក់ពីលើដើមត្នោត បណ្តាលឱ្យស្លាប់តែម្នាក់ឯង ដោយគ្មានអ្នកដឹងសោះ។

ប្រភពដដែលបន្តថា រហូតដល់ម៉ោង២និង២៨នាទី ថ្ងៃដដែល ក៏មានក្មេងក្នុងភូមិម្នាក់ បានដើរទៅឃ្វាលគោនៅម្តុំកន្លែងកើតហេតុ ស្រាប់តែប្រទះឃើញបុរសរងគ្រោះដេកស្លាប់នៅក្រោមដើមត្នោត មិនដឹងថាស្លាប់តាំងពីពេលណាមកនោះទេ ទើបភ័យស្លន់ស្លោរត់ចូលភូមិ ប្រាប់ចាស់ទុំឱ្យបានដឹង ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើងនិងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ធ្លាក់ពីលើចុងត្នោតប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕