Wednesday, September 24, 2025
Homeព័ត៌មានជាតិប្រពន្ធចាស់ឃើញប្តីក្មេងឌុបស្រី ប្តឹងសមត្ថកិច្ចថា ចោរលួចម៉ូតូ

ប្រពន្ធចាស់ឃើញប្តីក្មេងឌុបស្រី ប្តឹងសមត្ថកិច្ចថា ចោរលួចម៉ូតូ

ភ្នំពេញ ៖ ហេតុការណ៍មួយបានភ្ញាក់ផ៌្អើល ដោយស្ត្រីចំណាស់ម្នាក់ បានប្តឹងសមត្ថកិច្ចថា មានចោរលួចម៉ូតូរបស់គាត់ ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏ប្រកាសតាមវិទ្យុទាក់ទង ប្រុងជើងការចាំស្ទាក់ លុះពេលបង្ក្រាបបាន បែរជាស្ត្រីចំណាស់រូបនោះប្រែក្រឡាស់ថា តាមពិតអ្នកជិះម៉ូតូនោះ គឺជាប្តីក្មេងរបស់គាត់សោះ តែគាត់ប្រទះឃើញ ប្តីដឹកស្រីថ្មីខឹងពេក ក៏ប្តឹងប៉ូលិសថា ចោរលួចម៉ូតូ ដើម្បីស្រួលស្ទាក់ចាប់ កើតឡើងកាលពីវេលាម៉ោង៤ និង១៥នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ដង្កោ ខណ្ឌដង្កោ។

ប្តីប្រពន្ធខុសវ័យ ដែលមានរឿងរ៉ាវរកាំរកូសនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ មានស្ត្រីចំណាស់ម្នាក់ រាយការណ៍តាមប្រព័ន្ធវិទ្យុក្នុងស្រុក ស្នើសុំឱ្យកម្លាំងប៉ូលិសក្នុងរាជធានីភ្នំពេញ ជួយអន្តរាគមន៍ ឃាត់ចាប់ម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1HK-4937 ជិះសំដៅចូលរាជធានីភ្នំពេញ។ គ្រាន់តែបានទទួលព័ត៌មានខាងលើនេះភ្លាម កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក៏បានប្រទះឃើញម៉ូតូខាងលើ ត្រូវបានប្រុសក្មេងម្នាក់ជិះឆ្លងកាត់រត់ចូលទឹកដី ភូមិសាស្ត្រខណ្ឌដង្កោ ទើបស្រែកតាមប្រព័ន្ធវិទ្យុទាក់ទង ទូទាំងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលជាប់ព្រំប្រទល់គ្នា ចាំឃ្លាំមើល ដោយម៉ូតូមានភ្ជាប់ GPS ផង។ លុះម៉ូតូខាងលើ ជិះដល់ ចំណុចផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ បង្ក្រាបចាប់ឃាត់បានទាំងម៉ូតូ ទាំងមនុស្ស និងផ្តល់ដំណឹងឱ្យស្ត្រីចំណាស់ជាដើមបណ្តឹងមកពិនិត្យមើល ស្រាប់តែមកដល់ ស្ត្រីចំណាស់រូបនោះ បែរជាអះអាងថា តាមពិតអ្នកជិះម៉ូតូនោះ គឺជាប្តីរបស់គាត់សោះ។

តាមប្រភពពីស្ត្រីចំណាស់ជាប្រពន្ធ បានរៀបរាប់ថា ប្តីក្មេងនេះដឹងតែចាយលុយ ចុងក្រោយ គាត់បានទិញម៉ូតូឱ្យជិះថ្មីសន្លាង បែរជាប្តីក្មេងជើងល្អយកទៅឌុបស្រីក្មេង ទើបគាត់ខឹងពេក ពេលតាមទាន់ប្តីដឹកស្រីថ្មី ក៏រត់ទៅប្តឹងប៉ូលិសឱ្យជួយចាប់ឃាត់តែម្តង។

រឿងរ៉ាវខាងលើ ក្រោយពីកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ចាប់ឃាត់បានទាំងម៉ូតូ ទាំងមនុស្ស បាននាំយកមកបំភ្លឺ ទើបដឹងថា គឺជារឿងស្នេហាសោះ តែបែរជាស្ត្រីជាប្រពន្ធមកប្តឹងថា ជារឿងបទល្មើស ធ្វើឱ្យផ្អើលទាំងសមត្ថកិច្ចភ្នំពេញ រួមទាំងស្រុកក្នុងខេត្តកណ្តាលផង។

យ៉ាងណា ប្តីប្រពន្ធខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ទៅសួរនាំនៅប៉ុស្តិ៍ចោមចៅ៣ ខណ្ឌពោធិិ៍សែនជ័យ ឱ្យបានច្បាស់លាស់ ថែមទៀតជាមុនសិន៕

RELATED ARTICLES