Wednesday, September 24, 2025
Homeព័ត៌មានជាតិវ៉ៃបែកក្បាល ស្រីព្រួតវាយវិញ បែកក្បាលដែរ ចុងក្រោយប្រុសឆ្លើយថា វាយច្រឡំមនុស្ស

វ៉ៃបែកក្បាល ស្រីព្រួតវាយវិញ បែកក្បាលដែរ ចុងក្រោយប្រុសឆ្លើយថា វាយច្រឡំមនុស្ស

ភ្នំពេញ ៖ ហេតុការណ៍អំពើហិង្សាមួយ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ដោយសារក្មេងទំនើងម្នាក់ជិះម៉ូតូមកវាយនារីវ័យក្មេងម្នាក់ ដែលកំពុងអង្គុយជុំគ្នាផឹកស៊ីជាមួយមិត្តភក្តិជិត១០នាក់ នារីរងគ្រោះបែកក្បាល លុះមិត្តភក្តិនារីរងគ្រោះខឹងពេកព្រួតវាយបែកក្បាលវិញ និងត្រូវសមត្ថកិច្ចចុះអន្តរាគមន៍នាំយកទៅសាកសួរ នៅប៉ុស្តិ៍នគរបាល បែរជាជនបង្កឆ្លើយថា ខ្លួនស្រវឹងពេក វ៉ៃច៉្រឡំមនុស្ស តាមបណ្តោយផ្លូវសុធារស ចំណុចមុខវត្តបុទុមវត្តី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

នារីរងគ្រោះ មានឈ្មោះហេង សុខហៀង អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ស្ថិតក្នុងភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។  ចំណែកជនដៃដល់ មានឈ្មោះជី វ៉ា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមប្រភពពីនារីរងគ្រោះ បានឱ្យដឹងថា នៅមុនកើតហេតុ នាងរួមនឹងមិត្តភក្តិសរុបជិត១០នាក់ មានស្រីមានប្រុស ទើបនឹងចេញមកពីក្លឹបកម្សាន្ត Play នៅម៉ោង២និង៣០នាទីរំលងអធ្រាត្រ ក៏បបួលគ្នាទៅអង្គុយផឹកបន្តនៅមុខវត្តបុទុមវត្តី។ លុះពេលដែលពួកនាងកំពុងអង្គុយផឹក ក៏លេចមុខជនសង្ស័យខាងលើ មិនដែលស្គាល់គ្នាសោះ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៩ ពាក់ស្លាកលេខភ្នំពេញ 1HC-9933 បានជិះមកដល់ ក៏ស្រាប់តែចុះវាយនាងទាំងកំរោល បណ្តាលឱ្យរងរបួសបែកក្បាល រួចក៏ជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែត្រូវមិត្តភក្តិរបស់នាង ខឹងក៏ដេញវាយចំខ្សែក្រវ៉ាត់បែកក្បាលហូរឈាមវិញ ហើយរត់ទៅដល់ចំណុចមុខសាលាចតុមុខ ក៏ត្រូវសមត្ថកិច្ចឃាត់បានយកមកសួរនាំតែម្តង។

បន្ទាប់ពីឃាត់ខ្លួន ជនបង្កបានឆ្លើយប្រាប់សមត្ថកិច្ចថា រូបគេស្រវឹងហើយ វាយច្រឡំមនុស្សទេ។

ក្រោយពេលកើតហេតុ នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋនគរបាលចតុមុខ ប៉ុន្តែក្រោយមកដោយនឹកឃើញថា អាណិតជនបង្ករូបនោះ ទើបនារីរងគ្រោះក៏សម្រេចចិត្តដកពាក្យបណ្តឹងវិញ ដើម្បីបញ្ចប់រឿងវិញទៅ៕

RELATED ARTICLES