ខេត្តក្រចេះ ៖ ករណីប្រុសចាប់រំលោភស្ត្រីមេម៉ាយ៣ដង រហូតខាងស្រីខឹងច្រឡោត ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនប្រុសព្រាន យកទៅចាត់ការតាមច្បាប់ បានកើតឡើង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ចំនួន២លើក និងលើកទី៣ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចទីតាំងដដែលៗ គឺនៅផ្ទះចម្ការរបស់ជនសង្ស័យ ស្ថិតនៅខាងក្រោយភូមិ ក្នុងឃុំវឌ្ឍនៈ ស្រុកសំបូរ។

ជនសង្ស័យមានឈ្មោះហាក់ រ៉ុន អាយុ៤៧ឆ្នាំ មុខរបរធ្វើចម្ការ សព្វថ្ងៃស្នាក់នៅម្នាក់ឯងនៅផ្ទះចម្ការខាងក្រោយភូមិ (ទីតាំងកើតហេតុ)។ ចំណែកស្ត្រីរងគ្រោះជាស្ត្រីមេម៉ាយ មានអាយុ៤៤ឆ្នាំ មុខរបរធ្វើស្រែ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
យោងតាមពាក្យបណ្តឹងរបស់ស្ត្រីមេម៉ាយរងគ្រោះ បានរៀបរាប់ថា គាត់បានរងគ្រោះពីការចាប់រំលោភ របស់ជនសង្ស័យបានសម្រេច ចំនួន២លើក កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ហើយក៏ទុកឱកាសដល់ជនសង្ស័យ ដោយបានប្រាប់ទៅជនសង្ស័យថា ឱ្យឈប់ធ្វើសកម្មភាព ចាប់រំលោភគាត់តទៅទៀត គឺគាត់មិន ប្តឹងប្តល់នោះទេ។ លុះនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នេះ ជននេះនៅតែបន្តសកម្មភាពចាប់រំលោភគាត់ បានសម្រេចជាលើកទី៣ម្តងទៀត នៅពេលគាត់បានទៅឃ្វាលក្របី ក្បែរផ្ទះចម្ការរបស់ជនសង្ស័យ។ ដោយសារអត់ទ្រាំមិនបាន ទើបគាត់សម្រេច ចិត្តមកដាក់ពាក្យបណ្តឹងតែម្តង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅក្នុងពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ បានបញ្ជាក់ថា ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភ លើស្ត្រីរងគ្រោះបានសម្រេចចំនួន២ដង តាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ តែស្ត្រីរងគ្រោះមិនប្តឹងផ្តល់នោះទេ ដោយគ្រាន់តែប្រាប់ជនសង្ស័យ បញ្ឈប់ធ្វើសកម្មចាប់រំលោភគាត់បន្តទៀត។ ហើយរាល់ធ្វើសកម្មភាពចាប់រំលោភ គឺតែងតែធ្វើឡើងនៅក្នុងផ្ទះចម្ការរបស់ជនសង្ស័យ នៅពេលដែលស្ត្រីរងគ្រោះបានយកក្របីទៅឃ្វាលនៅក្បែរ និងបានចូលសម្រាកលេង។ ចំណែកការចាប់រំលោភបានធ្វើឡើងជាលើកចុងក្រោយម្តងទៀត នៅថ្ងៃទី១៩ មីនា នៅពេលដែលស្ត្រីរងគ្រោះបានទៅឃ្វាលក្របីនៅទីនោះម្តងទៀត។ ក្រោយការធ្វើសកម្មភាពចាប់រំលោភ បានសម្រេចជាលើក ទី៣រួចមក ស្ត្រីរងគ្រោះក៏បានមកប្តឹងនគរបាល ហើយនគរបាលក៏ចាប់ខ្លួនជនសង្ស័យរូបនេះបានក្នុងថ្ងៃតែមួយភ្លាមៗ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណំុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕