ខេត្តកំពង់ចាម ៖ នារីវី័យក្មេងរូបស្រស់ម្នាក់ ដែលបាត់ចេញពីផ្ទះអស់រយៈពេល៣ថ្ងៃ ម្តាយរកយ៉ាងណាមិនឃើញ ពេលនេះត្រូវបានក្រុមគ្រួសារតាមស្វែងរកឃើញ ខណៈដែលកូនក្រមុំរូបនេះ បានធ្វើដំណើរមកភ្នំពេញ ជាមួយនឹងសង្សាររបស់នាង។

គួរបញ្ជាក់ថា យុវតីរូបស្រស់ឈ្មោះហ៊ែត ធារ៉ា អាយុ១៦ឆ្នាំ មានលំនៅក្នុងភូមិមហាសៀកលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ឪពុកក្មេងស្រីបានប្តឹងសមត្ថកិច្ចថា កូនស្រីរូបនេះបានចេញខ្លួនចេញពីផ្ទះ តាំងពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ដោយមិនបានប្រាប់អ្នកណាមួយម៉ាត់សោះ។

ក្រោយពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចចាប់ផ្តើមធ្វើការស្រាវជ្រាវ ទើបដឹងថា យុវតីឈ្មោះហ៊ែត ធារ៉ា បានទៅភ្នំពេញ ជាមួយឈ្មោះវុទ្ធី ប៊ុនណេត ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវជាសង្សារ និងមានលំនៅក្នុងភូមិឃុំជាមួយគ្នា។ លុះដល់ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ឪពុករបស់ឈ្មោះវុទ្ធី ប៊ុនណេត បានតាមរកកូនប្រុសរបស់ខ្លួន ហើយបានជួបនៅចំណុចទំនប់កប់ស្រូវ ភ្នំពេញ ដោយឃើញនៅជាមួយយុវតីឈ្មោះហ៊ែត ធារ៉ា។ បន្ទាប់មក ឪពុករបស់យុវជនឈ្មោះវុទ្ធី ប៊ុនណេត ក៏បាននាំយុវតីឈ្មោះហ៊ែត ធារ៉ា ឱ្យទៅជួបម្តាយ និងបងប្អូននៅរាធានីភ្នំពេញ តែមិនទាន់ត្រឡប់មកផ្ទះវិញទេ។ ចំណែកឈ្មោះ វុទ្ធី ប៊ុនណេត ត្រូវបានឪពុក នាំមកផ្ទះនៅស្រុកកំណើតវិញ ហើយ៕
