តារាសម្តែង និងបង្ហាញម៉ូដ កញ្ញសួង ស៊ីធឿន ហៅស្រីតូច បានលេចមុខក្នុងតំណែងតួឯករឿង “ឯណាខ្មោច?” របស់ផលិតកម្ម LD Picture ដែលបានធ្វើពិធីសម្ភោធកាលពីល្ងាចថ្ងៃទី19 ខែមីនា នៅរោងកុន Legend បឹងកក់ ដោយមានតារាល្បីៗ និងអ្នកសារព័ត៌មានជាច្រើនបានចូលរួម។

នេះមិនមែនជាលើកទី1ឡើយ ដែលស្រីស្អាតស៊ីធឿន ឆក់បានតំណែងជាតួឯក ពោលគឺជាច្រើនរឿងមកហើយ និងធ្លាប់ថតរឿងដុំ មានដូចជា រឿង “សសរកន្លោង”, “ព្រាយ”, “ទារុណកម្មខ្មោច”, “អង្រឹង” និងរឿង “ឯណាខ្មោច ?” ព្រមទាំងរឿងភាគតាមបណ្តាស្ថានីយទូរទស្សន៍មួយចំនួនទៀតផង។

ស្រីតូច វាចាថា “រឿង “ឯណាខ្មោច ?” នេះ មានឈុតឆាកជាច្រើនដែលលេងពិបាកណាស់ ព្រោះថតប្លង់ខ្មោចមានដល់យប់អធ្រាត្រ ក៏មានដែរ។ ប៉ុន្តែឈុតដែលពិបាកជាងគេ ត្រង់ខ្ញុំជិះម៉ូតូបុកទ្រុងមាន់ គឺបុកមែនទែន មិនមែនកាត់តទេ។ ត្រង់ហ្នឹងទម្រាំត្រូវ ខ្ញុំឈឺខ្លួន។ ខ្ញុំជឿជាក់ថា រឿងនេះ បងប្អូនទស្សនិកជននឹងចូលទស្សនាច្រើនជាមិនខាន ព្រោះមានឈុតឆាកច្រើន ដែលប្លែកពីរឿងដទៃទៀត”។

ក្រៅពីស្រីតូច ជាតួឯករឿង “ឯណាខ្មោច ?” មានតារាសម្តែងល្បីៗជាច្រើនដួងទៀត ដែលចូលរួមសម្តែង ដូចជា លោកទ្រី ដារ៉ាវុធ និងតារាកំប្លែងមួយចំនួនទៀត។
លោកចាន់ ណារ៉ូណាន់ អ្នកដឹកនាំសម្តែងរឿង“ឯណាខ្មោច ?” បានឱ្យដឹងថា មូលហេតុដែលលោកផលិតរឿងខ្មោចនៅពេលនេះ គឺដោយសារទីផ្សារភាពយន្តខ្មែរស៊ីរឿងខ្មោច ជាងរឿងបែបវាយតប់ ឬអភីនិហា។

លោកបន្តថា ទោះជាមានទស្សនិកជនខ្លះ គាត់រិះគន់ថា យើងធ្វើតែរឿងខ្មោចដដែលៗមែន ប៉ុន្តែលោកនៅតែផលិតតម្រូវទីផ្សារអ៊ីចឹង ព្រោះការធ្វើរឿងខ្មោចឱ្យតែធ្វើល្អមានគុណភាព គឺលោកយល់ថា នឹងជោគជ័យ ដោយសារក្នុងចំណោមមនុស្ស100នាក់ គេមើលរឿងខ្មោច70នាក់ទៅហើយ។

ចំពោះរឿង“ឯណាខ្មោច ?” នេះ នឹងដាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី21 ខែមីនា ឆ្នាំ2019 នេះ នៅគ្រប់រោងកុនទាំងអស់ ទាំងនៅទីក្រុង និងបណ្តាខេត្ត ហើយក្នុងនាមលោកជាផលិតករ គឺមានតែសុំឱ្យទស្សនិកជនទៅទស្សនារឿងខ្មែរឱ្យបានច្រើន ដើម្បីលើកស្ទួយពីវិស័យភាពយន្តខ្មែរយើងឱ្យបានរីកចម្រើនផង៕