ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចុះធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា និងប្រកបរបររត់ម៉ូតូកង់បីដូចគ្នា ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដែលប្រព្រឹត្តទៅកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ បន្ទាប់ពីទទួលបណ្តឹងពីប្រជាពលរដ្ឋរងគ្រោះ ទើបមកដល់វេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បានសហការណ៍ជាមួយនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយលោកកែវ សុធា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ចុះដល់ទីតាំងផ្ទះលេខ៣៤០ ផ្លូវលំ ក្រុមទី៦ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើតែម្តង។

ជនសង្ស័យទាំង៣នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១. ឈ្មោះមាស វ៉ាន់រ័ត្ន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូកង់បី ទី២. ឈ្មោះមាស វ៉ាន់រិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូកង់បី និងទី៣. ឈ្មោះមាស វ៉ាន់រ៉េត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររត់រត់ម៉ូតូកង់បី។ ជនសង្ស័យទាំង៣នាក់ខាងលើ ត្រុវូជាប្អូនបង្កើតនឹងគ្នា។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាត់ការតាមនីតិវិធី៕