Wednesday, September 24, 2025
Homeព័ត៌មានជាតិអូននៅទីណា អូន...? វិលត្រឡប់មកផ្ទះវិញ រកប្តី រកកូន រួមរស់ជុំគ្នា

អូននៅទីណា អូន…? វិលត្រឡប់មកផ្ទះវិញ រកប្តី រកកូន រួមរស់ជុំគ្នា

ភ្នំពេញ ៖ បុរសម្នាក់បានប្រកាសតាមហ្វេសប៊ុក ដង្ហោយហៅប្រពន្ធត្រឡប់មកផ្ទះវិញ បន្ទាបពីស្ត្រីជាភរិយាបានបាត់ខ្លួនឈឹង មិនឃើញត្រឡប់មកផ្ទះសោះ កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ដោយបាត់ចេញពីម្តុំផ្សារថ្នល់ទទឹង។

ស្ត្រីដែលបាត់ខ្លួនដោយគ្មានដំណឹង មានឈ្មោះខៀវ ស្រំមូ អាយុ២៥ឆ្នាំ មានប្តី និងមានកូនប្រុសម្នាក់ សព្វថ្ងៃរស់នៅភូមិប្រមរ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។

បុរសជាប្តី បានប្រាប់ថា កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ គាត់បានដឹកប្រពន្ធនិងកូនតូច ទៅផ្សារថ្នល់ទទឹង ពេលនោះប្រពន្ធក៏បានទុកកូនឱ្យគាត់មើល បន្ទាប់មកប្រពន្ធក៏បានចូលបាត់ទៅ រួចក៏បាត់ខ្លួនរហូត មិនឃើញចេញមកវិញសោះ គាត់ក៏បានចូលផ្សារតាមរកប្រពន្ធដែរ តែមិនឃើញសោះ លុះសង្ស័យថា ប្រពន្ធត្រឡប់មកផ្ទះមុន ក៏ត្រឡប់មករកប្រពន្ធនៅផ្ទះវិញ តែមិនឃើញប្រពន្ធសោះ មកដល់ពេលនេះ មិនដឹងថា ប្រពន្ធសុខទុក្ខយ៉ាងណា។

ជាចុងក្រោយ បុរសជាប្តី ក៏បានអំពាវនាវដល់បងប្អូន និងមិត្តភក្តិនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាប្រជាពលរដ្ឋ ដែលបានប្រទះឃើញប្រពន្ធរបស់គាត់ សូមទំនាក់ទំនងមកលេខទូរស័ព្ទ ០៩៣ ៦៩ ២៥ ៥៥ និង ០៧០ ៩៩ ៧៧ ១៥ ផង។

ហើយអ្វីដែលគួរឱ្យអាណិតនោះ បុរសជាប្តីក៏ផ្តាំទៅប្រពន្ធថា ប្រសិនបើបានឮដំណឹងនេះហើយ សូមឱ្យប្រពន្ធវិលត្រឡប់មកផ្ទះវិញ រកប្តី រកកូន រួមរស់ជុំគ្នា ហើយទោះជាមានបញ្ហាអ្វី ក៏ប្តីមិនប្រកាន់ខឹងដែរ៕

RELATED ARTICLES