ភ្នំពេញ ៖ ហេតុការណ៍បុរសអ្នករើសអេតចាយ២នាក់ ប្រទះឃើញទារិកាទើបសម្រាល ត្រូវម្តាយចិត្ត អប្រិយ ដាក់ក្នុងថង់ពណ៌ខ្មៅ រួចចងមាត់ យកមកបោះចោលនៅលើគំនរសំរាម មើលទៅគួរឱ្យសង្វេគចិត្តបំផុត បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

បុរសជាអ្នករើសអេតចាយទាំង២នាក់ ដែលប្រទះឃើញទារកនៅលើគំនរសំរាម មានឈ្មោះបញ្ញា អាយុ៣០ឆ្នាំ និងម្នាក់ទៀតឈ្មោះ ភឿន តួ។ ចំណែកទារិកាអភ័ព្វខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

តាមសម្តីអ្នករើសអេតចាយទាំង២នាក់ខាងលើ បានរៀបរាប់ថា នៅមុនពេលកើតហេតុ ពួកគាត់ទើបតែត្រឡប់មកពីរើស អេតចាយវិញដោយជិះកាត់ផ្លូវ៦០ម៉ែត្រ លុះមកដល់ចំណុចគំនរសំរាមខាងលើ ក៏ស្រាប់តែពួកគាត់ឮសូរសំឡេងយំចេញពីក្នុងថង់សំរាមខ្មៅមួយយ៉ាងខ្លាំង ក៏ដើរសំដៅទៅកាយថង់សំរាមនោះមើល ស្រាប់តែ ប្រទះឃើញទារិកាម្នាក់ត្រូវគេយកមកបោះចោលក្នុងគំនរសំរាម។ ដោយសារតែពួកគាត់មិនស្គាល់លេខសមត្ថកិច្ច និងមិនស្គាល់អ្នកភូមិក្បែរនោះផងនោះ ពួកគាត់ក៏សម្រេចចិត្តលើកទារិកាដាក់ក្នុងរ៉ឺម៉កអេតចាយរបស់ពួកគាត់ ហើយដឹកយកទៅប្រគល់ជូនវិទ្យុអេប៊ីស៊ី ឱ្យជួយសង្គ្រោះ។

ភ្លាមៗនោះ បន្ទាប់ពីទទួលបានទារិកាខាងលើពីបុរសជាអ្នករើសអេតចាយចិត្តល្អទាំង២នាក់ខាងលើហើយនោះ ក្រុមការងារនៃវិទ្យុអេប៊ីស៊ី ក៏បានដឹកទារិកាខាងលើតាមរថយន្តយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា៕




