Wednesday, September 24, 2025
Homeព័ត៌មានជាតិពូស្រលាញ់ក្មួយស្រី មិនហ៊ានសារភាព ចាប់រំលោភ

ពូស្រលាញ់ក្មួយស្រី មិនហ៊ានសារភាព ចាប់រំលោភ

ខេត្តកណ្តាល ៖ បុរសពោះម៉ាយម្នាក់ ត្រូវប្រពន្ធស្លាប់ចោលអស់រយៈពេល៣ឆ្នាំមកហើយ លុះនៅតែឯងយូរជូរមាត់ ក៏សម្លឹងឃើញក្មួយស្រីសាច់ថ្លៃ ដែលជាក្រមុំចាស់មិនទាន់មានគូ ចេះតែស្អាតឡើងៗជារៀងរាល់ថ្ងៃ តែមិនហ៊ានសារភាពស្នេហ៍នោះទេ លុះចិត្តស្នេហ៍កើនដល់កម្រិតទប់លែងជាប់ បែរជាបែកគំនិតលបឡើងផ្ទះ ចាប់រំលោភក្មួយស្រីសាច់ថ្លៃទាំងកំរោល តែមិនបានសម្រេចឡើយ ព្រោះតែក្មួយស្រីដឹងខ្លួន ស្រែកឆោឡោ និងប្តឹងសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់។

ករណីបុរសពោះម៉ាយលួចស្នេហ៍ក្មួយស្រី មិនហ៊ានសារភាព បែរជាចាប់រំលោភទាំងកំរោលនេះ បានកើតឡើង កាលពីវេលាម៉ោង១០និង២៥នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចលើផ្ទះនារីរងគ្រោះ ស្ថិតក្នុងខេត្តកណ្តាល។

ជនសង្ស័យដែលប៉ងរំលោភក្មួយស្រី មានឈ្មោះអ៊ន សុធី អាយុ៤៣ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះ មានអាយុ៣១ឆ្នាំ តែនៅក្រមុំមិនទាន់មានគូនៅឡើយ មានមុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះដែលទើបនឹងចេញពីធ្វើការរោងចក្រវេនយប់ មកដល់ផ្ទះហត់នឿយអស់កម្លាំងអត់បានដេក ពេញ១យប់ផងនោះ ក៏ឡើងទៅប្រះខ្លួនដេកលង់លក់នៅលើផ្ទះរបស់ខ្លួនទៅ។ លុះក្រោយមក ជនសង្ស័យដែលត្រូវជាពូសាច់ថ្លៃរបស់នារីរងគ្រោះ បានលបឡើងទៅលើផ្ទះក្មួយស្រី ឃើញក្មួយស្រីដេកលក់ស្កប់ស្កល់ក្នុងមុង ក៏ស្រាតខោជើងវែងខ្លួនឯងចេញ ទុកតែលីអូ រួចក៏លូនលបៗចូលមុងក្មួយស្រី ឡើងទ្រោបពីលើ និងយកដៃខ្ទប់មាត់នាងកុំឱ្យស្រែក រួចក៏ថើបឈ្មុសឈ្មុលទាំងក្រពុលមុខ ប៉ុនប៉ងរំលោភសេពសន្ថវៈទៅហើយ ក៏ត្រូវក្មួយស្រីដឹងខ្លួនប្រឹងរើបម្រះរួច ក៏ស្ទុះចុះមកក្រោមផ្ទះ ស្រែកឆោឡោ ធ្វើឱ្យជនសង្ស័យស្រវាខោជើងវែង ស្លៀកវិញសឹងមិនទាន់ រួចក៏ស្ទុះរត់ចុះតាមក្រោយ គេចទៅផ្ទះខ្លួនឯងបាត់ សម្ងំដេកធ្វើដូចអត់ដឹងរឿង។

ចំណែកនារីរងគ្រោះ ដោយសារតែកើតទុក្ខមិនសុខចិត្តនឹងរឿងឪពុកមា ដែលខ្លួនធ្លាប់គោរពស្រលាញ់ បែរជាហ៊ានប្រព្រឹត្តទង្វើថោកទាបមកលើខ្លួនបែបនេះ ក៏ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យយកមកសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាប៉ុនប៉ងរំលោភ ក្មួយស្រីសាច់ថ្លៃប្រាកដមែន ព្រោះខ្លួនជាពោះម៉ាយ ដែលត្រូវប្រពន្ធមានជំងឺក្រិនថ្លើម (ទាចទឹក) ស្លាប់ចោល៣ឆ្នាំកន្លងមកហើយ ហើយខ្លួនក៏មិនទាន់បានយកប្រពន្ធថ្មីទៀតដែរ។ លុះដល់រយៈពេលចុងក្រោយ (៣ខែ) ស្រាប់តែខ្លួនមានកូនចិត្តលួចស្រឡាញ់ក្មួយស្រីសាច់ថ្លៃរបស់ខ្លួនឯងដកចិត្តមិនរួច តែអត់ហ៊ានសារភាពប្រាប់នាងទេ ទោះដឹងថា នាងជាក្រមុំចាស់មិនទាន់មានប្តីនៅឡើយ ដោយចេះតែខំលាក់បាំងទុកក្នុងចិត្ត លួចសម្លឹងនាងតែម្នាក់ឯង និងចេះតែឃើញក្មួយស្រីនេះ កាន់តែស្អាតទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ថ្ងៃកើតហេតុ ដោយសារតែភ្លើងស្នេហ៍ឆេះរោលខ្លាំង ទ្រាំលែងបាន ក៏លបឡើងទៅចាប់រំលោភតែម្តង ខណៈដែលនាងកំពុងដេកលក់ តែមិនទាន់បានអីផង បែរជានាងភ្ញាក់ដឹងខ្លួនស្រែកឆោឡោ រហូតផ្អើលដល់សមត្ថកិច្ចចាប់វាយខ្នោះបែបនេះតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES