Wednesday, September 24, 2025
Homeព័ត៌មានជាតិមកពីបុណ្យវិញ ជិះម៉ូតូបានត្រឹមតែពាក់កណ្តាលផ្លូវ... ប្រពន្ធយំស្តាយ

មកពីបុណ្យវិញ ជិះម៉ូតូបានត្រឹមតែពាក់កណ្តាលផ្លូវ… ប្រពន្ធយំស្តាយ

ភ្នំពេញ ៖ បុរសម្នាក់បានទៅចូលរួមពិធីបុណ្យមួយ រួចក៏បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹង ក៏ទាញជិះម៉ូតូក្នុងបំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែអកុសល ធ្វើដំណើរបានពាក់កណ្តាលផ្លូវ ក៏ជ្រុលទៅបុករថយន្ត១គ្រឿង ចំពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យបោកក្បាលបែកមុខស្លាប់នៅនឹងកន្លែងគួរឱ្យសង្វេគ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

សាកសពបុរសរងគ្រោះខាងលើ មានឈ្មោះឆែម ម៉ូលី អាយុ៣៩ឆ្នាំ មុខរបរជាងសំណង់ មានលំនៅក្នុងភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FE-9068 បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតជ្រុលទៅបុករថយន្ត១គ្រឿង មិនស្គាល់ម៉ាក ចំពីក្រោយពេញទំហឹង បណ្តាលឱ្យម៉ូតូជនរងគ្រោះបាក់កខាងមុខ រងការខូចខាតយ៉ាងដំណំ ឯម្ចាស់ម៉ូតូបោកក្បាលទៅនឹងថ្នល់ស្លាប់នៅនឹងកន្លែងតែម្តង។ រីឯរថយន្ត ក្រោយកើតហេតុ បានបើកទៅមុខគេចបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទាក់ទងទៅជំនាញចរាចរណ៍ ឱ្យចុះមកធ្វើការវាស់វែង រួចអូសយកម៉ូតូ ជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរង់ចាំប្រគល់ឱ្យសាច់ញាតិនៅពេលក្រោយ។

ដោយឡែក សាកសពបុរសរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES