Wednesday, September 24, 2025
Homeព័ត៌មានជាតិជនជាតិខ្មែរ៣នាក់ រត់គេចពីស្រុកគេ សមត្ថកិច្ច២ខេត្ត តាមចាប់ខ្លួន

ជនជាតិខ្មែរ៣នាក់ រត់គេចពីស្រុកគេ សមត្ថកិច្ច២ខេត្ត តាមចាប់ខ្លួន

ខេត្តត្បូងឃ្មុំ ៖ បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីជនជាតិខ្មែរ ប្លន់យកម៉ូតូនៅក្នុងទឹកដីវៀតណាម កម្លាំងនគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងនគរបាលខេត្តក្រចេះ បានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធចំនួន៣នាក់ កាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ដែលបានរត់គេចទៅសម្ងំលាក់ខ្លួននៅផ្ទះសាច់ញាតិ ស្ថិតក្នុងភូមិអញ្ជាញ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឈឿន ឆេង ភេទប្រុស អាយុ៣៧ឆ្នាំ ទី២-ឈ្មោះ ខ្មៅ គា ហៅក្លូ ភេទប្រុស អាយុ២២ឆ្នាំ និងទី៣-ឈ្មោះគាន ស្លឹប ហៅស្លឹក ភេទប្រុស អាយុ២២ឆ្នាំ។ ជនសង្ស័យទាំង៣នាក់មានលំនៅក្នុង ភូមិសូទី ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការតាមចាប់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះ ធ្វើឡើងដោយមានការសម្របសម្រួលរវាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។ សមត្ថកិច្ចបន្តថា នៅមុនការចាប់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ នគរបាលប៉ុស្តិ៍រដ្ឋបាលរូង បានទទួលព័ត៌មានពីនគរបាលវៀតណាមថា មានជនសង្ស័យ៣នាក់ ជាជនជាតិខ្មែរ បានធ្វើសកម្មភាពប្លន់យកម៉ូតូពីប្រជាពលរដ្ឋវៀតណាម នៅក្នុងភូមិតឹងគឿង ឃុំតឹងហា ស្រុកតឹង ខេត្តតៃនិញ ប្រទេសវៀតណាម រួចរត់គេចខ្លួនមកចូលក្នុងប្រទេសកម្ពុជា តាមច្រករបៀងបេង ស្ថិតក្នុងភូមិបេង ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង២និង២៧នាទីរសៀល ថ្ងៃ១៧ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ។

ប្រភពដដែលបន្តថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម នគរបាលប៉ុស្តិ៍រដ្ឋបាលរូង បានសហការជាមួយនគរបាលយុត្តិធម៌នៃអធិការដ្ឋាន នគរបាលស្រុកមេមត់ រួមនឹងកម្លាំងព្រហ្មទណ្ឌខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប្រាក ប៊ុនណុន ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានចុះធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាសង្ស័យទាំង៣នាក់ខាងលើ។

សមត្ថកិច្ចខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ដោយសារជនសង្ស័យទាំង៣នាក់ បានគេចទៅសម្ងំលាក់ខ្លួននៅខេត្តក្រចេះ ទើបកម្លាំងបានសុំយោបល់ថ្នាក់លើតាមបែបបទ ទើបទទួលបានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ បានឱ្យកម្លាំងនគរបាល យុត្តិធម៌ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានធ្វើការសហការជាមួយនគរបាលយុត្តិធម៌ស្រុកស្នួល ខេត្តក្រចេះ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ នៅវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរនិងកសាងសំណុំរឿងប្រគល់ទៅឱ្យតុលាការខេត្តត្បូងឃ្មុំ។

គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការបង្ក្រាបលើករណីនេះ គឺកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ តាំងពីថ្ងៃកើតហេតុ រហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១និង៣០នាទីរសៀល។

បច្ចុប្បន្នជនសង្ស័យទាំងបី ត្រូវបានតុលារខេត្តត្បូងឃ្មុំ ចេញដីការបង្គាប់ឱ្យឃុំខ្លួន នៅពន្ធនាគារខេត្តត្បូងឃ្មុំ ដោយចៅក្រមស៊ើបសួរ ហៃ ណៃហេង នៃសាលាដំបូងខេត្តត្បូងឃ្មុំ និងត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទលួច ដែលបានប្រព្រឹត្តនៅចំណុចព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុភូមិតឹងគឿង ឃុំតឹងហា ស្រុកតឹងចូវ ខេត្តតៃនិញ ប្រទេសវៀតណាម៕

RELATED ARTICLES