អ្នកដឹកនាំសម្តែងនៅផលិតកម្មរស្មីហង្សមាស ព្រមទាំងអ្នកយកព័ត៌មានមួយចំនួនទៀតនៅទូរទស្សន៍ហង្សមាស រួមទាំងអ្នករៀបចំឆាក និងអ្នកផាត់មុខឱ្យតារាល្បីៗមួយចំនួនទៀតផង នៅផលិតកម្មរស្មីហង្សមាស បានបដិសេធមិនប្រាប់ថ្ងៃមង្គលការរបស់តារាចម្រៀងឱក សុគន្ធកញ្ញា ជាមួយប្អូនថៅកែហង្សមាស លោកអ៊ឹង សុខលី បើទោះពេលនេះ រូបថត Pre-Wedding របស់ពួកគេត្រូវបានបែកធ្លាយទៅហើយក្តី។

បុគ្គលិកនៅក្រុមហ៊ុនហង្សមាស ខ្លះថា មិនដឹង ខ្លះទៀតថា ដឹងតែរៀបការនៅខែឧសភា ហ្នឹងហើយ តែមិនដឹងថ្ងៃណាទេ ខណៈដែលខ្លះទៀតថា ដឹងតែមិនហ៊ាននិយាយរឿងមេទេ នៅពេលដែលអ្នកយកព័តមានយើងបានសាកសួរតាមទូរស័ព្ទកាលពីពេលថ្មីៗនេះ។

ការព្យាយាមបិទបាំងមង្គលការបស់ឱក សុគន្ធកញ្ញា នៅពេលនេះ កាន់តែធ្វើឱ្យសង្ស័យថែមទៀតថា តើតារាល្បីរូបនេះខ្លាចចំពោះការផ្សព្វផ្សាយអាពាហ៍ពិពាហ៍របស់នាងទៅ ធ្វើឱ្យនាងធ្លាក់កូដ ឬយ៉ាងណា? ខណៈដែលមួយចំនួនទៀតបានលើកឡើងថា សុគន្ធកញ្ញា ធ្លាប់មានសង្សារជាតន្ត្រីករ រ៉េតធី ដូណា ចំណែកលោកអ៊ឹង សុខលី ត្រូវបានគេទម្លាយថា ធ្លាប់មានសង្សារជាតារាស្រីស្អាតជាច្រើននាក់ មុនមកភ្ជាប់ស្នេហ៍ជាមួយសុគន្ធកញ្ញា នៅពេលនេះ។ ហេតុនេះហើយបានជាគេដាក់ការសង្ស័យថា ការព្យាយាមបិទបាំងថ្ងៃមង្គលការ ដែលកាន់តែខិតចូលកៀកនៅពេលនេះ អាចជាការបារម្ភចំពោះសុវត្ថិភាព ព្រោះខ្លាចអតីតគូស្នេហ៍របស់អ្នកទាំង២ មករំខាន។
អ្នកស្រីអ៊ិន ថាច ម្តាយឱក សុគន្ធកញ្ញា មិនលើកទូរស័ព្ទឡើយ កាលពីថ្ងៃទី២១ ខែមីនា ទើបមិនអាចសុំការបំភ្លឺបានទេ។ ប៉ុន្តែអ្នកស្រីថាច ធ្លាប់និយាយខ្លីជាមួយអ្នកយកព័ត៌មានយើងថា មិននិយាយទេ តែកូនអ្នកស្រីរៀបការនៅពាក់កណ្តាលឆ្នាំ២០១៩ ហ្នឹងមែន។

ដោយឡែក តារាចម្រៀងម្នាក់ដែលជិតស្និទ្ធជាមួយអតីតសង្សារ ឱក សុន្ធកញ្ញា គឺលោករ៉េតធី ដូណា បានបង្ហើបឱ្យដឹងថា សុគន្ធកញ្ញា រៀបការនៅចុងខែឧសភា ឆ្នាំ២០១៩ នេះ ហើយមង្គលការរបស់នាងរៀបចំនៅសណ្ឋាគារដ៏ប្រណីតមួយ តែលោកមិនអាចនិយាយបានទេ ព្រោះនៅយូរថ្ងៃដែរ។
តារាចម្រៀងរូបនោះ យល់ថា មង្គលការឱក សុគន្ធកញ្ញា ជាមួយលោកអ៊ឹង សុខលី នឹងមិនមានការចូលរួមពីអតីតសង្សារសុគន្ធកញ្ញា គឺលោក ដូណា ទេ ប៉ុន្តែលោកជឿថា អតីតសង្សាររបស់លោកសុខលី មួយចំនួននឹងចូលរួម ព្រោះថា ពួកនាងទាំងនោះជាតារាចម្រៀង និងសម្តែង ហើយពេលនេះ បានរាប់អានគ្នាជាធម្មតាជាមួយលោកសុខលី។

ឱក សុគន្ធកញ្ញា បានភ្ជាប់ពាក្យជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ហើយពួកគេបានទិញផ្ទះវីឡាទ្រនំស្នេហ៍ តម្លៃជាង២០ម៉ឺនដុល្លារ នៅបុរីអ័រគីដេវីឡា ផ្លូវ២០០៤។ ការដែលសុគន្ធកញ្ញា ក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន នឹងធ្វើឱ្យតារារូបនេះកាន់តែមានអំណាចខ្លាំងនៅហង្សមាស ខណៈដែលមនុស្សមួយចំនួនយល់ថា សុគន្ធកញ្ញា ក៏អាចប្រឈមការធ្លាក់ចុះដូចតារាមួយចំនួន ក្រោយពេលនាងមានប្តីនេះដែរ។
ចំណែកការព្យាយាមលាក់ថ្ងៃការរបស់សុគន្ធកញ្ញា សូម្បីតែបុគ្គលិកនៅហង្សមាស មិនហ៊ាននិយាយនៅពេលនេះ ត្រូវបានគេសង្ស័យថា តារារូបនេះព្រមានបុគ្គលិកហង្សមាស ណាហ៊ាននិយាយថ្ងៃរៀបការរបស់នាងប្រាប់អ្នកកាសែត នឹងត្រូវផាក បានជាគ្រប់គ្នាខ្លាចបែបនេះ។

ការលើកឡើងបែបនេះ ដោយសារតែកន្លងមក ផលិតកម្មរស្មីហង្សមាស ធ្លាប់បានព្រមានតារាសម្តែងទាំងអស់ក្នុងរឿង “ផ្កាថ្ម” ថា តារាណាហ៊ានប្រាប់សាច់រឿង និងចំណងជើងទៅអ្នកកាសែតមុនពេលដាក់បញ្ចាំង គឺម្នាក់ៗត្រូវពិន័យ៣ម៉ឺនដុល្លារ ហេតុនេះហើយ បានជាតារាទាំងឡាយញាក់សាច់ទទ្រើតគ្រប់គ្នា និងគ្មានអ្នកណាម្នាក់ហ៊ានក្អកមុនរឿងអាថ៌កំបាំងជាងគេនៅលើលោកនោះ ចាក់បញ្ចាំងឡើយ៕