ធ្លាប់តែឃើញព្រាប សុវត្ថិ, ខាត់ សុឃីម និងនាយពាក់មី ជាដើម ត្រូវប៉ាន់កើបលុយធំនៅ “ឋានព្រះឥន្ទ” ស្រួលៗ ក្នុងនោះកំពូលតារាចម្រៀងព្រាប សុវត្ថិ ច្រៀង1បទ ស៊ីថ្លៃដល់ទៅ1000ដុល្លារ ស្រាប់តែពេលនេះ តារារោមទ្រូងច្រើន ឆន សុវណ្ណារាជ ក៍បានឆក់ឱកាសកើបលុយពី “ឋានព្រះឥន្ទ” នៅខេត្តសៀមរាប ផងដែរ តាមរយៈការបង្ហាញខ្លួនច្រៀងរាំ គួរឱ្យជក់ចិត្ត កាលពីថ្ងៃទី20 ខែមីនា ឆ្នាំ2019។

ក្នុងឈុតប្រពៃណីយ៉ាងស្រស់ស្អាត ឆន សុវណ្ណារាជ បានបកស្រាយចម្រៀងជាច្រើនបទ ហើយពេលចុះពីលើឆាក ត្រូវបានអ្នកគាំទ្រចោមថតរូប រកតែរើខ្លួនមិនចង់រួចឡើយ ដែលអាចបញ្ជាក់ថា តារារូបនេះនៅតែមានសន្ទុះខ្លាំង។

ជាមួយគ្នានេះដែរ តារាដែលជ្រកកោននៅហង្សមាស រយៈពេល12ឆ្នាំ ឆន សុវណ្ណារាជ ក៏បានបង្ហាញការចាប់អារម្មណ៍ជាខ្លាំងចំពោះកម្មវិធីដែលលោកច្រៀងនោះ ជាគម្រោងពុះលក់ដីចម្ការ ដែលធ្លាប់តែលេចឮនៅបរទេស តែពេលនេះបានមកដល់ស្រុកខ្មែរហើយ ហេតុនេះហើយបានជាសុវណ្ណារាជ គិតថា នេះជាគម្រោងដ៍អស្ចារ្យ ក៏ដូចជាជំរុញឱ្យពលរដ្ឋមានដីចម្ការដាំដុះយ៉ាងហោចណាស់ក្នុងម្នាក់ៗ 1ហិកតារផងដែរ។

សុណ្ណារាជ ប្រាប់ថា ពេញចិត្តចំពោះក្រុមហ៊ុនហង្សមាស ម្ចាស់ដីដែលបានប្រមូលទិញដីជាច្រើនហិកតារនៅស្រុកស្រីស្នំ ខេត្តសៀមរាប ដើម្បីវិនិយោគដាំដំណាំដូងក្រអូប ហើយជារឿងកម្រដែលពលរដ្ឋអាចទិញដោយបង់រំលស់ ដែលមិនថាតែលោក ឬពលរដ្ឋផ្សេងនោះទេ គឺភាគច្រើនមានលទ្ធភាពអាចទិញបាន។

លោកហង្ស ព្រីន្សយ៉ា ម្ចាស់គម្រោង “ឋានព្រះឥន្ទ”បានឱ្យដឹងថា វត្តមានរបស់តារាចម្រៀង ឆន សុវណ្ណារាជ ពិតជាធ្វើឱ្យមានការចាប់អារម្មណ៍ច្រើននៅថ្ងៃកាត់ខ្សែបូលក់ចម្ការដូងក្រអូប នៅខេត្តសៀមរាប ហើយគម្រោងថ្មីនេះកើតឡើង បន្ទាប់ពីលោកបានលក់ចម្ការបឺរនៅមណ្ឌលគិរី និងចម្ការធុរេន នៅខេត្តពោធិ៍សាត់។ គម្រោងនេះមិនមែនជាដីជួល ឬសម្បទានទេ ដោយក្រុមហ៊ុនធានាជូនប្លង់រឹង ហើយមួយឡូតិ៍លក់ត្រឹម14000ដុល្លារ និងត្រូវកំណត់ឱ្យបង់រំលស់រយៈពេល4ឆ្នាំ ដោយមិនគិតពីសេវាមើលថែចម្ការ រយៈពេល4ឆ្នាំនោះទេ។

ក្រៅពី ឆន សុវណ្ណារាជ ដែលត្រូវ Fan នៅខេត្តសៀមរាប ចោមរោមថតរូបនោះ គេក៏ឃើញមានពិធីកររូបសង្ហា លោកជា វិបុល និងអ្នកនាងកែវ ចាន់និមល ទៅបង្ហាញខ្លួនរួមគ្នាផងដែរ ទើបធ្វើឱ្យបរិយាកាសកាន់តែអ៊ូអរផ្អើលអស់ “ឋានព្រះឥន្ទ” នៅស្រុកស្រីស្នំ៕
