ខេត្តកណ្តាល ៖ យុវជនជាសិស្សសាលាចំនួន៥នាក់ បានគេចសាលាមិនចូលរៀនសូត្រ បែរជាបម្រុងបបួលគ្នាទៅដោះស្រាយគំនុំចាស់ ជាមួយនឹងគូទំនាស់ ដោយថែមទាំងបានលាក់ទុកកាំបិត និងខ្សែក្រវាត់ដាក់មីញ៉ុងម៉ូតូ ជាប់ខ្លួនផងនោះ ត្រូវបានសមត្ថកិច្ចប្រទះឃើញ មានការសង្ស័យ ក៏ឃាត់សួរនាំ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ។

យុវជនដែលគេចសាលាទាំង៥នាក់ រួមមាន ទី១-ឈ្មោះថន វាសនា អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។ ទី២-ឈ្មោះឈិន សម្បត្តិ អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅភូមិក្នុងសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ។ ទី៣-ឈ្មោះហុក លីហៀង អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ។ ទី៤-ឈ្មោះស៊ិន សុធីប អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ។ និងទី៥-ឈ្មោះទិត្យ គីមរ៉ុង អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ សហការជាមួយកម្លាំងប្រជាការពារឃុំ បានចុះល្បាតក្នុងភូមិសាស្ត្រខាងលើ ស្រាប់តែប្រទះឃើញក្មេងទំនើងមួយក្រុមមានគ្នា ចំនួន៥នាក់ ដូចមានឈ្មោះខាងលើ កំពុងប្រមូលផ្តុំគ្នាគេចសាលា មិនចូលរៀនសូត្រ និងមើលទៅគួរឱ្យសង្ស័យ ក៏ចូលទៅឃាត់សួរនាំ និងឆែកឆេរ ស្រាប់តែរកឃើញមានខ្សែក្រវ៉ាត់ដាក់មីញ៉ុងម៉ូតូចំនួន១ រួមនឹងកូនកាំបិត១ដើមទៀតផង ទើបសម្រេចនាំខ្លួនមកប៉ុស្តិ៍ដើម្បីសួរនាំ។

ប្រភពដដែលបន្តថា បន្ទាប់ពីសាកសួរក្មេងទំនើងទាំង៥នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបាននាំគ្នាគេចសាលាមែន និងបានលាក់ទុកអាវុធ បម្រុងដោះស្រាយគំនុំចាស់ជាមួយគូទំនាស់ តែត្រូវសមត្ថកិច្ចប្រទះឃើញ ក៏ឃាត់ខ្លួនតែម្តង។
ក្រោយពីសាកសួររួចហើយ សមត្ថកិច្ចបានតម្រូវឱ្យក្រុមក្មេងទំនើងធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពបែបនេះទៀត រួចទាក់ទងទៅ អាណាព្យាបាល ឱ្យមកធានាយកទៅអប់រំបន្ត៕