ភ្នំពេញ ៖ បុរសជាជនអនាថាម្នាក់ ត្រូវគេប្រទះឃើញដេកដួលនៅលើសួនច្បារ ដោយមានសភាពរបួសឈាមពេញផ្ទៃមុខ និងពកក្បាល ព្រមទាំងក្អួតធ្លាក់ឈាមទាំងដុំៗ និងត្រូវបានសង្ស័យថាអាចមានអ្នកព្រួតវាយ។ ហេតុការណ៍នេះបានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចនៅលើសួនច្បារមុខមជ្ឈមណ្ឌលចេនឡា តាមបណ្តោយផ្លូវព្រះមុនីរ៉េត កែងនឹងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។

បុរសរងគ្រោះខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាជាជនអនាថា។

តាមប្រភពពីប្រជាពលរដ្ឋដែលប្រទះឃើញហេតុការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះមិនដឹងជារឿងអ្វីទេ ដោយសង្ស័យមានគេព្រួតវាយ បានដើរបណ្តើរក្អួតឈាមចេញពីមាត់បណ្តើរទាំងដុំៗ ហូរជោកខ្លួន និងមានស្នាមពកក្បាលទៀតផង លុះដើរតាមប្រមាណជា១០ម៉ែត្រ ដល់ត្រង់ចំណុចកើតហេតុខាងលើ ជនរងគ្រោះក៏បានដួលដេកសន្លប់ស្តូកស្តឹងនៅនឹងកន្លែងតែម្តង។

ប្រភពដដែលបានបន្តថា ជនរងគ្រោះជាជនអនាថា គ្មានផ្ទះសម្បែង គ្មានបងប្អូន ឬសាច់ញាត្តិអ្វីនោះទេ ឃើញដើរដេកនៅម្តុំបរិវេណកើតហេតុខាងលើ ជារៀងរាល់ថ្ងៃ លុះដល់ថ្ងៃកើតហេតុ មិនដឹងថា ជនរងគ្រោះមានរឿងអ្វីជាមួយអ្នកណា ឬជួបប្រទះនឹងរឿងអ្វីនោះទេ ស្រាប់តែមានហូរឈាមតាមមាត់ទាំងដុំៗ និងស្នាមពកក្បាល ស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរបែបនេះទៅវិញ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យដល់កន្លែងកើតហតុ និងបានទំនាក់ទំនងទៅរថយន្ត សង្គ្រោះមន្ទីរពេទ្យហុង ហាក់ ដឹងជនរងគ្រោះទៅសង្គ្រោះភ្លាមៗ។

ចំពោះករណីខាងលើនេះ សមត្ថកិច្ចមិនទាន់អាចសន្និដ្ឋានបាននៅឡើយថា ជាករណីអ្វីឱ្យពិតប្រាកដ ដោយទុកធ្វើការស្រាវជ្រាវ បន្តសិន៕