Wednesday, September 24, 2025
Homeព័ត៌មានជាតិគាត់ចេះតែនិយាយថា "ជិតស្លាប់ហើយមិនរស់ទេ" ដើរមកដល់ផ្ទះដាច់ខ្យល់ស្លាប់

គាត់ចេះតែនិយាយថា “ជិតស្លាប់ហើយមិនរស់ទេ” ដើរមកដល់ផ្ទះដាច់ខ្យល់ស្លាប់

ខេត្តសៀមរាប ៖ បុរសជាយោធិនពិការម្នាក់ (កំបុតដៃទាំងសងខាង) បានដឹកគោចេញទៅឃ្វាលនៅវាលស្រែ ស្រាប់តែកើតមានអាការថប់ដង្ហើម និងចេះតែនិយាយថា គាំងបេះដូងហើយ មិនរស់ទេៗ ប៉ុន្តែនៅតែខំប្រឹងដើររហូតមកដល់ផ្ទះ ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងក្រុមទី៦ ភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី។

បុរសរងគ្រោះ មានឈ្មោះតែម វី អាយុ៥៥ឆ្នាំ ជាយោធិនពិការ (កំបុតដៃទាំង២) មានប្រពន្ធឈ្មោះ ច្រុច សារ៉ាត់ អាយុ៥០ឆ្នាំ និងមានលំនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះ បានកើតមានជំងឺតេតាណុស ដោយត្រូវចាក់ថ្នាំ១ខែម្តងជាប្រចាំ។ នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ជនរងគ្រោះនិងប្រពន្ធឈ្មោះច្រុច សារ៉ាត់ បាននាំគ្នាទៅដឹកគោនៅខាងក្រោយផ្ទះចម្ងាយប្រហែល២០០ម៉ែត្រ ដើម្បីឱ្យផឹកទឹក។ បន្ទាប់មក ប្រពន្ធក៏ដើរត្រឡប់មកផ្ទះមុន ចំណែកជនរងគ្រោះជាប្តីបានដើរទៅកាប់ដើមពោត ដើម្បីឱ្យគោស៊ី បន្ទាប់ពីកាប់ដើមពោតរួចបានបន្តិច ស្រាប់តែជនរងគ្រោះមានអារម្មណ៍មិនស្រួលខ្លួន ក៏ដើរចូលទៅផ្ទះបងស្រីបង្កើតឈ្មោះតែម ហាត់ អាយុ៦០ឆ្នាំ ដែលនៅក្បែរនោះ ហើយនិយាយថា គាត់ដូចជាចង់គាំងបេះដូង ជួយធ្វើសរសៃឱ្យគាត់ផង។ ក្នុងពេលនោះជនរងគ្រោះចេះតែនិយាយថា ជិតស្លាប់ហើយមិនរស់ទេ ធ្វើសរសៃ ហើយនៅតែមិនបាត់។ បន្ទាប់មក ជនរងគ្រោះក៏ដើរតែម្នាក់ឯងដល់ផ្ទះ រួចក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នៅលើខ្លួនសព ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ។ តាមការសន្និដ្ឋាន ជនរងគ្រោះបានស្លាប់ដោយសារអាការគាំងបេះដូង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES