អ្នកមេម៉ាយពេជ្រ សោភា នៅតែច្រៀងរាំយ៉ាងសប្បាយរីករាយនៅលើឆាកតន្ត្រី ហាក់ដូចជាគ្មានវិបត្តិដួងចិត្តបន្តិចឡើយ បើទោះជានៅក្នុងពិភពសិល្បៈសឹងតែតារាគ្រប់គ្នា និយាយថា សោភា ត្រូវអតីតសង្សារត្រៀមរៀបការចោលក្នុងពេលឆាប់ៗនេះ ក៏ដោយ។ ប៉ុន្តែ សោភា វិញ គិតតែរាំឡើងចង់រង្គើឆាកជាមួយបទថ្មីរបស់នាង គឺ “បោកកូនជ្រូក” ដែលនាងសង្ឃឹមថា នឹងមានការគាំទ្រច្រើនសម្រាប់បុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខនេះ។

តារាសិល្បៈមួយចំនួន បានលើកឡើងថា ពេជ្រ សោភា ដែលរីករាយនៅពេលនេះ អាចជាការបន្លប់ទុក្ខស្នេហ៍ ព្រោះនៅលើលោកនេះ គ្មានអ្នកណាម្នាក់ដែលថា សង្សាររៀបការចោលហើយ កាន់តែមានក្តីសុខនោះទេ។

ទោះជាយ៉ាងណា ពេជ្រ សោភា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា អ្នកខ្លះទិញផ្ទះហើយ ទាល់តែរស់នៅជាមួយសង្សារ ទើបមានសេចក្តីសុខ តែនាងវិញ មិនគិតអ៊ីចឹងទេ មានផ្ទះនៅជាមួយក្រុមគ្រួសារ ហើយក្នុងបន្ទប់គេងតែម្នាក់ឯង គ្មានប្រុសកាន់តែមានសេចក្តីសុខទៀត ព្រោះមិនឈឺក្បាលរឿងមានអ្នករំខាន។

ការថ្លែងបែបនេះរបស់ពេជ្រ សោភា មិនសូវបានគេជឿជាក់ឡើយ ព្រោះកន្លងមក គេចាត់ទុកថា សោភា ជោគជ័យតែអាជីពចម្រៀងប៉ុណ្ណោះ បើនិយាយពីស្នេហាវិញ បរាជ័យជាបន្តបន្ទាប់។
ប៉ុន្តែពេជ្រ សោភា ចាត់ទុកថា អ្នកដែលនិយាយថា នាងជោគជ័យតែចម្រៀង តែបរាជ័យស្នេហានោះ មិនមែនជារឿងត្រឹមត្រូវ ឡើយ គឺនាងថា “ជោគជ័យទាំងចម្រៀង និងស្នេហា”។

ការថ្លែងរបស់ពេជ្រ សោភា បែបនេះ ដោយនាងសំអាងថា សម្រាប់គូជីវិតស្ត្រីសម័យនេះ គឺខុសម្តង មិនមែនខុសមួយជីវិតទេ។ សោភា ថា បើយកប្តីប៉ះប្រុសកាន់លុយអី តើបន្តស៊ូទ្រាំរស់នៅបែបទុក្ខស្ត្រីប្តីកាន់លុយ ឬរកគូជីវិតថ្មី? សម្រាប់រូបនាងវិញ គឺសូមរកគូជីវិតថ្មីវិញហើយ។

ពេជ្រ សោភា ដែលមិនសមប្រកបរឿងស្នេហានេះ នៅតែអាចឈរក្នុងតំណែងតារាចម្រៀងស្រីឈានមុខគេរបស់ផលិតកម្មរស្មីហង្សមាស ដដែល នៅឆ្នាំ2019នេះ ជាមួយតម្លៃខ្លួនច្រៀង1កម្មវិធី ស៊ីថ្លៃ3000ដុល្លារ ហើយនៅរដូវក្តៅ អ្នកមេម៉ាយហុយហុយរូបនេះ អាចរកលុយបានរហូតដល់60000ដុល្លារ ក្នុង1ខែទៀតផង ទើបធ្វើឱ្យសោភា រស់នៅយ៉ាងហ៊ឺហាលើវីឡាស្កឹមស្កៃ និងជិះរថយន្ត Range Rover ទៀតផង។

ដោយឡែក រឿងស្នេហាថ្មីវិញ ពេជ្រ សោភា នៅតែអះអាងថា ចំណងស្នេហានាងជាមួយប្រុសក្មេង ឆឹម សក្កដា ជាស្នេហាពិត មិនមែនក្លែងក្លាយឡើយ ទោះជាគ្រប់គ្នាយល់ថា នេះគ្រាន់តែជាឆាកល្ខោនស្នេហ៍ ដែលសោភា កំពុងសម្តែងកុំឱ្យបាក់មុខរឿងសង្សារចាស់ត្រៀមរៀបការចោលក៏ដោយ៕