Wednesday, September 24, 2025
Homeព័ត៌មានជាតិសារភាពយ៉ាងឡូយ!!! ដេញគប់ឡានកាត់សាញ ខឹងតៃកុងឃាត់កុំឲ្យវ៉ៃគ្នា

សារភាពយ៉ាងឡូយ!!! ដេញគប់ឡានកាត់សាញ ខឹងតៃកុងឃាត់កុំឲ្យវ៉ៃគ្នា

ខេត្តតាកែវ ៖ បុរសជាអ្នកបើករថយន្តដឹកមាន់ម្នាក់ កំពុងបើករថយន្តតាមដងផ្លូវសុខៗ ក៏ប្រទះឃើញក្មេងស្ទាវ២ក្រុម កំពុងវាយតប់គ្នាយ៉ាងអនាធិបតេយ្យ ទើបស្រែកឃាត់កុំឱ្យពួកគេវាយគ្នាទៀត ស្រាប់តែធ្វើឱ្យក្មេងស្ទាវ២នាក់ ច្រឡោតខឹង ក៏ជិះម៉ូតូប្រដេញតាមគប់រថយន្ត បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍ចាប់ឃាត់ខ្លួនក្មេងស្ទាវបានចំនួន២នាក់។

ហេតុការណ៍ហិង្សាដោយចេតនា បណ្តាលឱ្យខូចខាតសម្ភារៈអ្នកដទៃខាងលើ បានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំក្នុងភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង។

ក្រុមក្មេងទំនើងដែលដេញគប់រថយន្តអ្នកដទៃ និងត្រូវប៉ូលិសចាប់ខ្លួនទាំង២នាក់នោះ រួមមាន ទី១-ឈ្មោះម៉ា សែមលី អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះសុខ លោន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ក្មេងស្ទាវទាំង២នាក់ មានលំនៅក្នុងភូមិត្រពាំងពោធិ៍ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្រោយប៉ូលិសចាប់ខ្លួន ក្មេងស្ទាវទាំងពីរនាក់ បានឆ្លើយសារភាពថា មកពីអ្នកបើកបររថយន្តរំខានគេកំពុងដេញវាយគ្នា ដោយស្រែកឃាត់ ទើបពួកគេខឹងក៏ជិះម៉ូតូដេញគប់រថយន្តនេះតែម្តងទៅ ដើម្បីកាត់សាញ។

បច្ចុប្បន្ន ក្មេងទំនើងទាំងពីរនាក់ ដែលសមត្ថកិច្ចចាប់ខ្លួនបានខាងលើនេះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES